គន្លឹះចិញ្ចឹមពពែត្រឹមត្រូវ ជាលក្ខណៈគ្រួសារ

កន្លងមកនៅប្រទេសកម្ពុជាយើង កសិករពុំសូវនិយម ក្នុងការចិញ្ចឹមពពែឡើយ ព្រោះប្រជាជនពុំសូវ និយមហូបសាច់ និងទឹកដោះពពែឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះ សត្វពពែមានតម្លៃថ្លៃ នៅលើទីផ្សារ និងមានកំនើន អ្នកបរិភោគច្រើន ហើយកសិករយើងក៏មានការចាប់អារម្មណ៍ជាខ្លាំងក្នុង ការចិញ្ចឹមសត្វពពែផងដែរ។

ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការចិញ្ចឹមពពែជាលក្ខណៈគ្រួសារ៖

https://www.my.na/product/14721/100-pure-breeds-boer-goats-for-sale-/

ការចិញ្ចឹមពពែផ្តល់សារៈសំខាន់ជាច្រើនយ៉ាង៖

  • ផ្តល់សាច់ដែលមានរសជាតិ និងថាមពលច្រើន
  • ផ្តល់ទឹកដោះសំរាប់កែច្នៃជាផលិតផលបរិភាគផ្សេងៗ
  • ស្បែកពពែអាចកែច្នៃទៅជារបស់ប្រើប្រាស់ផ្សេងៗបានដូចជា ខ្សែក្រវ៉ាត់ កាបូប ស្បែកជើង។ល។
  • លាមកពពែធ្វើជាជីលាមកសត្វសំរាប់ដាក់ស្រែចំការផ្សេងៗ (លាមកពពែសំបូរអាសូតជាលាមកគោ ក្របី)

ការជ្រើសរើសពូជ

ពូជពពែដែលកសិករចិញ្ចឹមតាមភូមិ ជាពូជដែលពុំដឹងច្បាស់លាស់ ទិញតពីគ្នាពីអ្នកជិតខាង ឬពីតំបន់ដទៃ។ពួកគាត់ចិញ្ចឹមជាលក្ខណៈគ្រួសារ ជាពូជមានមាឌធំ មាឌមធ្យម មានពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌សលាយខ្មៅ។ល។

ការជ្រើសរើសពពែបា

យើងត្រូវរើសពពែបា ចេញពីមេដែលមានសំបូរទឹកដោះ និងសាយកូន។ ពពែឈ្មោលដែលមានសុខភាពល្អ អាចប្រើបង្កាត់ពូជបាននៅអាយុចាប់ពី ១១-១២ ខែ ទម្ងន់របស់វាយ៉ាងតិច ២៥ គីឡូក្រាម។ ពពែបាក្មេងមិនត្រូវប្រើវាហួសកំលាំងពេកនោះទេ ត្រូវថែរក្សានិងផ្តល់ចំណីឲ្យបានត្រឹមត្រូវ អំឡុងពាក់មេច្រើនដង ត្រូវផ្តល់ចំណីបៃតងដែលមានគុណភាពខ្ពស់ និងចំណីផ្សំបន្ថែម 150 ក្រាម/ថ្ងៃ។

ពពែបាត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានមាឌធំ មានសុខភាពមាំមួន ជាពពែដែលមានភាពខ្លាំងក្លាជាងគេក្នុងហ្វូង
  • មានគ្រោងដងខ្លួនលូតលាស់ល្អ
  • មានជើងទាំង ៤ រឹងមាំល្អ មានក្រចកជើងជិតល្អ
  • ខ្នងរាងត្រង់ និងព្រែក
  • មានប្រដាប់បន្តពូជល្អ និងពងស្វាសលូតលាស់ល្អ (ពងស្វាសទាំងគូស្មើគ្នា)
  • អាចពាក់មេបានច្រើន
  • ស្លូតមិនដើរជល់ជាមួយពពែផ្សេង
  • មានរាងសង្ហា ហើយជាការល្អមិនមានស្នែង
  • មិនរើសចំណី

ការជ្រើសរើសពពែមេ

ការជ្រើសរើសមេពពែល្អមានសារៈសំខាន់ណាស់សម្រាប់ផលិតកម្មពពែ ព្រោះកូនវាអាចទទួលបានលក្ខណៈល្អ ឬអាក្រក់ពីមេ។អាស្រ័យហេតុផលនេះមេពពែ សម្រាប់ទុកធ្វើពូជ គួរតែជ្រើសរើសមេណាដែលផ្តល់ទឹកដោះច្រើន និងផលិតកូនបានច្រើន។

ពពែមេ ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានរាងមាំ និងសុខភាពល្អ
  • ផលិតកូនបានទៀងទាត់ ពី ៨-៩ ខែម្តង
  • មេស្លូត និងចេះថែរក្សាកូនបានល្អ
  • ផ្តល់កូនភ្លោះញឹកញាប់
  • ផលិតទឹកដោះគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមកូនពពែ២(សំបូរទឹកដោះ)
  • មានដោះធំទូលាយ និងមានចុងដោះស្មើត្រង់ទៅមុខ
  • មិនរើសចំណី
  • ទំរង់ដងខ្លួនវែង មាំ និងត្រគាកធំទូលាយ
  • មានខ្នងត្រង់មិនអ៊ែន ទ្រូងរាងផតទូលាយ
  • កន្សោមដោះធំ ក្បាលដោះវែងល្អ
  • ជើងត្រង់មាំល្អ

ទំរង់កន្សោមដោះរបស់ពពែមេមិនគួររើស៖

  • កន្សោមដោះមិនជាប់ទៅនឹងពោះ
  • មានចុងដោះក្រាស់
  • មានចុងដោះតូច
  • កន្សោមដោះចែកជាពី កន្សោមដោះយា
  • ដោះទាំងសងខាងមិនស្មើគ្នា

ការបន្តពូជរបស់ពពែ

វដ្តនៃការរកឈ្មោលរបស់ពពែញី មានរយៈពេលពី១៨-២១ថ្ងៃ

លក្ខណៈសំគាល់ពពែញីរកឈ្មោលមានដូចជា៖

  • ប្រដាប់បន្តពូជឡើងរីកធំ ពណ៌ក្រហម
  • ទឹករំអិលពណ៌សលាយពណ៌លឿងព្រឿងៗ ហូរចេញពីប្រដាប់បន្តពូជ
  • សត្វនៅមិនស្ងៀម ឆ្លេឆ្លា បាត់បង់នូវការឃ្លានចំណី
  • ស្រែករោទិ៍ញឹកញាប់ និងនោមញឹក
  • គ្រវីកន្ទុយ ហើយចូលចិត្តសត្វឈ្មោល
  • ចូលចិត្តពាក់សត្វដទៃទៀត

ការពិនិត្យតាមដាន៖

នៅអំឡុងពេលមេពពែបញ្ចេញសញ្ញារកឈ្មោលនេះ គឺជាពេលវេលាដាក់បាបាន ប្រសិនបើហួសពេលនេះមាត់ស្បូននឹងបិទវិញ នោះការបង្កាត់ពូជមិនទទួលបានជោគជ័យទេ។ ប្រសិនបើខកខានមិនបានបង្កាត់ យើងត្រូវរង់ចាំរយៈពេល២១ថ្ងៃទៀត។

ការដាក់ឈ្មោលបានជោគជ័យមានរយៈពេលខ្លីពី៦-១២ ម៉ោងប៉ុណ្ណោះ ដូច្នេះយើងត្រូវយកចិត្តទុកដាក់តាមដានមេពពែឲ្យបានត្រឹមត្រូវ។បើដាក់ឈ្មោលបានសម្រេចមេពពែមិនរកឈ្មោលទៀតទេ។បើដាក់ឈ្មោលមិនបានសម្រេចទេ មេពពែបង្ហាញសញ្ញារកឈ្មោលឡើងវិញ ចាំបាច់ត្រូវដាក់ឈ្មោលលើកទី២។

ក្រោយដាក់ឈ្មោលលើកទី២ នៅតែរកឈ្មោលទៀត បញ្ហានេះអាចមកពីមេពពែ ឬមកពីបាពពែ។រយៈពេលផើម ៥ខែ គិតចាប់ពីថ្ងៃដាក់ឈ្មោលបានជោគជ័យ។

ចំណាំ៖ យើងត្រូវកត់ត្រាថ្ងៃខែពេលកើត ពេលរកឈ្មោល ពេលដាក់ឈ្មោល ពេលកើតកូនរបស់មេពពែ។

របៀបចុះបញ្ជីដែលអាចជួយអ្នកចិញ្ចឹមពពែបាន

  • ត្រួតពិនិត្យមើលពពែផើម ឬបង្ហាញពីការរកឈ្មោលទៀត បន្ទាប់ពីដាក់ឈ្មោលបានពី១៨-២៣ថ្ងៃ
  • ធ្វើកាលវិភាគសម្រាប់ពពែបា
  • គណនា និងគិតទុកថ្ងៃខែឆ្នាំ កើតកូនរបស់ពពែញី
  • គណនាគិតទុកនូវថ្ងៃរកឈ្មោលជាលើកដំបូងរបស់ពពែញីទើបពេញវ័យ
  • ជ្រើសរើសកូនពពែញីចេញពីមេពពែដែលផ្តល់ផលខ្ពស់សម្រាប់ការបង្កាត់។

ការសាងសង់ទ្រុង

ទ្រុងពពែមានសារៈសំខាន់ សម្រាប់ផ្តល់លក្ខខ័ណ្ឌល្អសម្រាប់ការរស់នៅដល់សត្វ ផ្តល់សុខភាបល្អ និងផ្តល់ការការពារដល់សត្វ ជាពិសេសកូនរបស់វា។យើងអាចធ្វើទ្រុងពពែតាម២របៀបគឺទ្រុងផ្ទាល់ដី និងទ្រុងផុតពីដី៖

ទ្រុងពពែសង់ផ្ទាល់ដី៖

  • ទ្រុងដែលសង់ផ្ទាល់ដីវាសមស្របទៅនឹងតំបន់ស្ងួត វាងាយស្រួលក្នុងការសាងសង់ និងត្រូវការរបងព័ទ្ធជុំវិញ
  • ដីបាតទ្រុងត្រូវមានកំពស់ ៣០សម និងធ្វើឲ្យមានជំរាលបន្តិចដើម្បីងាយស្រួលក្នុងការបង្ហូរកាកសំណល់ លាមក និងទឹកនោមចេញដែលអាចរក្សាទ្រុងបានស្ងួតជាប្រចាំ
  • ការសាងសង់ទ្រុងបែបនេះ កសិករអាចប្រើសម្ភារៈ ដែលមានក្នុងភូមិដូចជា៖កូនឈើ ឬស្សី ក្តារបន្ទះ និងដំបូលប្រក់ស្លឹកជាដើម

ទ្រុងពពែសង់ផុតពីដី៖

ការសាសង់ទ្រុងផុតពីដី ត្រូវការសម្ភារៈច្រើន ប៉ុន្តែវាមានលក្ខណៈងាយស្រួលក្នុងការសាងសង់។ត្រូវសង់ទ្រុងកំពស់១ ម៉ែត្រយ៉ាងទាប ត្រូវធ្វើជណ្តើរជំរាលឲ្យសត្វពពែឡើង និងធ្វើបង្កាន់ដៃការពារសត្វធ្លាក់។សត្វពពែចូលចិត្តទ្រុងបែបនេះ វាធ្វើឲ្យសត្វលូតលាស់ល្អ ផ្តល់ផលខ្ពស់ មានផាសុកភាព។ទ្រុងនេះមានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ជួយការពារសត្វពពែពីភ្លៀង ខ្យល់ខ្លាំង និងកំដៅព្រះអាទិត្យខ្លាំង
  • ការពារការចម្លងមេរោគ និងជម្ងឺ
  • ការពារសត្វព្រៃ
  • ធ្វើឲ្យខ្យល់ចេញចូលបានល្អ
  • ងាយស្រួលក្នុងការបោសសំអាត
  • ងាយស្រួលប្រមូលលាមក និងទទួលបានលាមកល្អ
  • ផ្តល់ឲ្យនូវទ្រុងដែលស្ងួតល្អ
  • ធ្វើឲ្យចំណីស្អាតមិនប្រឡាក់ដី ស្ងូត មានរសជាតិ និងមិនសល់ចំណីចោល
  • ផ្តល់នូវម្លប់ត្រជាក់ ការពារសំណើម ហើយធ្វើឲ្យសត្វចង់ស៊ីចំណី

ចំណាំ៖

  • យើងគួរសាងសង់ទ្រុងដោយបែងចែក ទ្រុងសម្រាប់មេផើម មេបំបៅដោះ សម្រាប់ពពែបា និងសម្រាប់ពពែជំទង់
  • ការធ្វើបែបនេះដើម្បីការពារ ការជល់គ្នា ការជាន់កូនពពែងាប់ជាដើម
  • ទំហំទ្រុងត្រូវគណនាឲ្យបានសមស្របទៅតាមចំនួនពពែ បើទ្រុងចង្អៀតពេកវាប៉ះពាក់ដល់ការលូតលាស់របស់សត្វ
http://freedomnewskh.com/posts/28202

ទ្រុងគំរូ៖

ទ្រុងគំរូសម្រាប់ពពែ២២ក្បាលគឺទំហំ ៣ម៉ែត្រ X ៥ម៉ែត្រដែលអាចដាក់

  • ពពែញី ៦ក្បាល
  • ពពែឈ្មោល(បា) ១ក្បាល
  • កូនពពែ១៥ ក្បាល

តំរូវការផ្ទៃក្រឡាទ្រុងសម្រាប់ពពែ៖

  • កូនពពែ ត្រូវការផ្ទៃក្រឡាទ្រុងទំហំ ០.៥ ម៉ែត្រការ៉េ/ក្បាល
  • ពពែជំទង់ ត្រូវការផ្ទៃក្រឡាទ្រុងទំហំ ១.២ ម៉ែត្រការ៉េ/ក្បាល
  • ពពែញី ត្រូវការផ្ទៃក្រឡាទ្រុងទំហំ ១.៥ ម៉ែត្រការ៉េ/ក្បាល
  • ពពែផើម ត្រូវការផ្ទៃក្រឡាទ្រុងទំហំ ២ – ២.៥ ម៉ែត្រការ៉េ/ក្បាល
  • ពពែបំបៅកូន ត្រូវការផ្ទៃក្រឡាទ្រុងទំហំ ២ – ២.៥ ម៉ែត្រការ៉េ/ក្បាល
  • ពពែបា ត្រូវការផ្ទៃក្រឡាទ្រុងទំហំ ២ – ២.៨ ម៉ែត្រការ៉េ/ក្បាល


ការផ្តល់ចំណី

ចំណីដែលផ្តល់ឲ្យពពែស៊ីមានច្រើនប្រភេទ សម្រាប់ផ្តល់សារធាតុចិញ្ចឹមដល់ពពែស៊ីគ្រប់វ័យ គ្រប់ដំណាក់កាលលូតលាស់ និងតម្រូវទៅតាមទិសដៅផលិតកម្មរបស់កសិដ្ឋាន ឬកសិករដែលចិញ្ចឹមជាលក្ខណៈគ្រួសារ។ប្រភពចំណីសម្រាប់ពពែស៊ីមានដូចជា៖

  • ចំណីដែលបានមកពីការប្រលែងស៊ីលើវាលស្មៅ៖ ស្មៅចំរុះជាច្រើនប្រភេទត្រូវបានស៊ីនៅលើវាលស្មៅធម្មជាតិ។ស្មៅទាំងនោះត្រូវបានគេប្រលែងឲ្យពពែស៊ីតាមវាលនៅពេលព្រឹក ហើយគៀងចូលទ្រុងពេលល្ងាច។
  • ចំណីបៃតង៖ ស្លឹករុក្ខជាតិជាច្រើនដែលពពែចូលចិត្តស៊ី ហើយកសិករងាយរកបាន និងចំណាយថវិកាតិច មានដូចជា ស្មៅចំណីសត្វ កន្ធំថេត ស្នោគោ រលួស ស្លឹកដំឡូងជ្វា ស្លឹកដំឡូងជ្វា បន្លាយួន ពុទ្រា ស្លឹកអំពិលទឹក ស្លឹកអង្គារដី ស្លឹកគរ ស្លឹកអញ្ចាញ ស្លឹកថ្លើមអណ្តើក ។ល។
  • ចំណីដែលបានមកពីកាកសំណល់ផ្ទះបាយ៖ កាកសំណល់ផ្ទះបាយសំបូរទៅដោយថាមពល វីតាមីន និងសារធាតុខនិជ។ចំណីទាំងនោះមានដូចជា កាកសំណល់ខ្ទិះដូង កាកសំណល់បានមកពីផ្លែឈើផ្សេងៗមានដូចជា សំបកស្វាយ ចេក ល្ហុង អាវ៉ូកាដូ សំបកក្រូច ម្នាស់។ល។ កាកសំណល់បានមកពីធញ្ញជាតិ
  • ចំណីដែលបានមកពីអនុផលកសិកម្ម៖ សំណល់ពីកសិផលដែលអាចរកបានសម្រាប់ជាចំណីមានតម្លៃរបស់ពពែមានចំបើង សំបកសណ្តែកផ្សេងៗ ដើមចេកហាន់លាយជាមួយសំបកធញ្ញជាតិឬកន្ទក់ បន្លែដែលសល់ពីលក់ ស្លឹកដំឡូងជ្វា ស្លឹកដំឡូងឈើ
  • ចំណីផ្សំ ឬចំណីដែលមានសារធាតុចិញ្ចឹមខ្ពស់៖ ចំណីផ្សំសំបូរដោយថាមពល និងប្រូតេអីន ហើយវាមានតម្លៃខ្ពស់ ហេតុនេះការផ្តល់ចំណីផ្សំត្រូវមានកំរិត។គេអាចផ្សំចំណីដោយលាយកន្ទក់ ៦០% និង កាកដូង ៤០%។ ចំណីសំរេចចេញពីក្រុមហ៊ុន វាមានតម្លៃថ្លៃ ប៉ុន្តែវាមានសារធាតុចិញ្ចឹមច្រើនមុខ។
  • សារធាតុខនិជ(សារធាតុរ៉ែ)៖ សារធាតុខនិជ ដូចជា កាល់ស្យូម ផូស្វ័រ និងសូដ្យូម។ការផ្តល់ចំណីមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពពែដូចជា៖
  • ខ្វះកាល់ស្យូមនិងផូស្វ័រ ធ្វើឲ្យឆ្អឹងលូតលាស់មិនធម្មតា និងពន្យឺតការលូតលាស់

ខ្វះសូដ្យូម ធ្វើឲ្យសំពាធក្នុងខ្លួនសត្វចុះទាប វាធ្វើឲ្យសត្វបាត់បង់ជាតិទឹកក្នុងខ្លួន ធ្វើឲ្យសត្វលូតលាស់យឺត និងកាត់បន្ថយការប្រើប្រាស់ថាមពល។

របៀបនៃការផ្តល់ចំណី

  • ការផ្តល់ចំណីក្នុងទ្រុង៖ ពពែត្រូវថែរក្សានៅក្នុងទ្រុង ចំណីត្រូវឲ្យវាស៊ីស្រស់ យ៉ាងតិច៣ពេលក្នុង១ថ្ងៃ ទឹកស្អាត និងសារធាតុរ៉ែត្រូវដាក់ឲ្យស៊ីជាប្រចាំ។ចំណីដែលផ្តល់ឲ្យបានមកពី៖
    • រុក្ខជាតិ ឬស្មៅ (ច្រូតឲ្យស៊ី)
    • ស្លឹកឈើ គម្ពោពព្រៃ ដែលកសិដ្ឋាន ឬកសិករដាំដោយខ្លួនឯង
    • កាកសំណល់បានមកពីផលិតកម្ម ឬកាកសំណល់ផ្ទះបាយ
    • ចំណីឧស្សាហកម្ម (ចំណីផ្សំ ឬចំណីសំរេច)
  • ការផ្តល់ចំណីដោយលែងស៊ីតាមវាលស្មៅ៖ ពពែត្រូវបានគេប្រលែងពីទ្រុងនៅពេលព្រឹក និងគៀងចូលទ្រុងនៅពេលល្ងាច។ ហ្វូងពពែត្រូវបានថែរក្សាក្នុងទ្រុងពេលយប់ និងពេលរដូវភ្លៀង។ទោះបីគេត្រូវលែងវាឲ្យស៊ីស្មៅពេញ១ថ្ងៃក៏ដោយ ប៉ុន្តែអាចបំពេញតំរូវការវាបានតែ ៦០ -៧០ % ដូច្នេះជានិច្ចជាកាលគេត្រូវគេត្រូវផ្តល់ចំណីក្នុងទ្រុងបន្ថែមដូចជា៖ស្លឹករុក្ខជាតិ ស្មៅ កាកសំណល់បានមកពីផលិតផលកសិកម្ម ឬកាកសំណល់ផ្ទះបាយ ឬចំណីផ្សំ ។ល។

ការផ្តល់ទឹក

  • ទឹកជាកត្តាសំខាន់មួយ ក្នុងការចិញ្ចឹមសត្វ ត្រូវផ្តល់ទឹកស្អាតឲ្យសត្វបានគ្រប់គ្រាន់ និងគ្រប់ពេលវេលា
  • ត្រូវប្តូរទឹកជារៀងរាល់ថ្ងៃ ធុងទឹកត្រូវស្អាតជានិច្ច
  • ទឹកមានសារៈសំខាន់ណាស់សម្រាប់មេពពែបំបៅកូន និងកូនរបស់វា
  • ធុងទឹក ឬស្នូកទឹកដែលដាក់ឲ្យពពែផឹកត្រូវព្យួរត្រឹmករបស់វាកំពស់៦០ សម ដើម្បីឲ្យពពែងាយស្រួលផឹក និងមិនធ្វើឲ្យទឹកកខ្វក់ ឬពពែអាចជុះអាច់ដាក់បាន
  • ពេលប្រលែងឲ្យពពែស៊ីស្មៅតាមវាលត្រូវចៀសវាង កុំឲ្យពពែផឹកទឹកកខ្វក់ដែលអាចឆ្លងរោគបាន
https://www.self-reliance.com/2014/10/keeping-dairy-goats/

ការថែទាំពពែ

នៅពេលពពែមានសុខភាពល្អ វាអាចលូតលាស់ល្អ ផលិតកូនបានទៀងទាត់ក្នុងរយៈពេលខ្លី និងផ្តល់នូវផលិតភាពយូរ។កាលណាកសិករថែទាំហ្វូងពពែមិនបានដិតដល់ ឬធ្វែសប្រហែសដូចជា៖

  • ទ្រុង និងចំណីកខ្វក់ នាំឲ្យឆ្លងមេរោគ និងជម្ងឺផ្សេងៗ
  • ផ្តល់ចំណីមិនល្អ ធ្វើឲ្យមេពពែចុះខ្សោយ និងកូនវាចុះខ្សោយ
  • ប៉ារ៉ាស៊ីតលើស្បែក(ចៃ)នាំឲ្យកើតជំងឺស្បែក និងធ្វើឲ្យខូចស្បែក
  • ប៉ារ៉ាស៊ីក្នុង(ព្រូន) នាំឲ្យការលូតលាស់យឺត និងស្រកទំងន់
  • ការគ្រប់គ្រងមិនល្អ ធ្វើឲ្យលផលិតកម្មថយចុះ និងងាប់។

ដើម្បីកាត់បន្ថយការខាតបង់ដោយបញ្ហាខាងលើ ធ្វើការចំណាយតិចបំផុត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាហ្វូងពពែឲ្យមានសុខភាពល្អយើងត្រូវ៖

  • ធ្វើអនាម័យ សំអាចឲ្យបានម៉ត់ចត់បំផុត ទាំងក្នុង និងបរិវេណទ្រុងពពែ
  • ត្រួតពិនិត្យប៉ារ៉ាស៊ីតខាងក្រៅ (ចៃ)
  • ត្រួតពិនិត្យប៉ារ៉ាស៊ីតខាងក្នុង(ព្រូន)
  • ផ្តល់ចំណីឲ្យបានល្អ គ្រប់គ្រងឲ្យបានល្អ
  • ត្រួតពិនិត្យហ្វូងសត្វទាំងមូលជារៀងរាល់ថ្ងៃ
  • ត្រូវសំអាតស្នូកទឹក និងស្នូកចំណី មិនត្រូវឲ្យពពែស៊ីចំណីដែលសល់ចោលទេ ចំណីសល់ត្រូវតែយកចេញ និងសំអាតស្នូកឲ្យស្អាត ម្យ៉ាងទៀតចំណីសល់វានឹងធ្វើឲ្យខូចចំណីថ្មីស្អុយខូច ដែលវាប៉ះពាល់សុខភាពពពែ
  • ត្រូវបោសសំអាតទ្រុងជាប្រចាំបោសសំអាតទ្រុងហើយត្រូវត្រួតពិនិត្យមើលដង្កូវ កាកសំណល់ខ្លះនៅជាបប្រហោងរនាបត្រូវបោសសំអាចចេញ ឬត្រូវលាងសំអាតចេញ
  • ត្រូវប្រមូលនិងកើបលាមកសត្វចេញ សំរាប់យកទៅធ្វើជីកំប៉ុស្តិ៍ ឬលក់វាចេញ ដើម្បីកុំឲ្យឆ្លងមេរោគ


ការប្រមូលផល

  • សម្រាប់ពពែសាច់ ទម្ងន់25-30 គីឡូក្រាមឡើងទៅ អាចលក់បានហើយ
  • សម្រាប់ពពែពូជ ទាំងឈ្មោល និងញឺ ត្រូវជ្រើសរើសសំរាំងឲ្យបានល្អ និងមានទម្ងន់មធ្យម 25គីឡូកា្រមឡើងទៅ និងមានអាយុបន្តពូជសមស្រប និងមានលក្ខណៈសម្បត្តិដូចរៀបរាប់ខាងលើ

ចំណាប់អារម្មណ៍

ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារ មានប្រយោជន៍ជាច្រើនសម្រាប់កសិករ ក្រៅពីរបរស្រែចម្ការ ហើយអាចបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារ និងចូលរួមលើកស្ទួយមុខរបរចិញ្ចឹមសត្វក្នុងស្រុក និងបំពេញបាននូវតម្រូវការហូបចុកប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះបងប្អូនមិនគួរមើលរំលងមុខរបរនេះទេ ។មុនធ្វើការចិញ្ចឹម បងប្អូនត្រូវចេះជ្រើសរើសពូជឲ្យបានល្អ និងរៀបចេំកន្លែងចិញ្ចឹម ឬដាំស្មៅបន្ថែមដើម្បីផ្តល់ឲ្យសត្វឆាប់ធំធាត់ល្អ។


FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts