ការថែទាំសុខភាព សត្វទាជាលក្ខណៈគ្រួសារ

ដើម្បីឲ្យការចិញ្ចឹមទាទទួលបានជោគជ័យ បញ្ហាសុខភាពជាកត្កាសំខាន់ ក្នុងការរួមចំណែកឲ្យអ្នកចិញ្ចឹមទាទទួលបានផល។

ខាងក្រោមនេះ ជាវិធីសាស្រ្តថែទាំសុខភាពទាជាលក្ខណៈគ្រួសារ៖

photo: thefinancialexpress

សារៈសំខាន់នៃការចិញ្ចឹមទា

  • ចិញ្ចឹមទាសម្រាប់យកសាច់ និងពងជាអាហារ
  • សម្រាប់បង្កើនប្រាក់ចំណូល ក្នុងគ្រួសារ
  • វាងាយស្រួលចិញ្ចឹម ព្រោះអាចចិញ្ចឹមលើដីផ្ទាល់បាន
  • មិនពិបាកធ្វើទ្រុង មិនត្រូវការសម្ភារៈទំនើប
  • ផ្តល់លាមកទា សម្រាប់ធ្វើជី ដំណាំផ្សេងៗ
  • រោម ស្លាបទា សម្រាប់ធ្វើឧបករណ៍ផ្សេងៗ ដូចជាអំបោស ឬខ្នើយ ។ល។

ការសាសង់ទ្រុង

  • ទ្រុងទា ធ្វើសាមញ្ញ សម្រាប់លក្ខណៈគ្រួសារ តែត្រូវមានខ្យល់អាកាសចេញចូល គ្រប់គ្រាន់ និងស្អាត
  • ត្រូវរក្សាទ្រុង ឲ្យស្អាត
  • ក្រាលកម្រាលទ្រុងទា ដោយប្រើអង្កាម អាចម៍រណា ឬចំបើងកាត់តូចៗ
  • ប្តូរកម្រាល ២ដង/សប្តាហ៍
  • ក្រោយមកប្រមូលផល កម្រាលធ្វើជាជីធម្មជាតិ
  • ទាពងផ្ទាល់ដី បើមានកម្រាល កាត់បន្ថយការបែកពង ហើយធ្វើឲ្យពងស្អាត
  • ទ្រុងត្រូវសង់នៅកន្លែងស្ងាត់ ក្រោមម្លប់ និងក្បែរស្ទឹង ឬត្រពាំង
  • ទ្រុងត្រូវមានពន្លឺ ជះចូលនៅពេលព្រឹក ដើម្បីសម្លាប់មេរោគ
  • ត្រូវមានដំបូល ជញ្ជាំងខ្ពស់ស្រលះ ខ្យល់ចេញចូលបានល្អ អាចការពារទឹកភ្លៀង និង កម្តៅថ្ងៃ
  • ត្រូវមានរបងព័ទ្ធជុំវិញ សម្រាប់ទាដេក សម្រាក និងពង
  • មុនពេលដាក់ទា ត្រូវសម្លាប់មេរោគ ដោយបាចកំបោរស លើផ្ទៃបាតទ្រុង ទុករយៈពេល ១-២សប្តាហ៍ បន្ទាប់មកបោសសម្អាតចេញ
  • មិនគួរចិញ្ចឹមទា ក្រោមផ្ទះ ព្រោះវាមិនល្អសម្រាប់សុខភាពមនុស្ស
  • របងអាចធ្វើប្រដឹស នៅក្រោមទ្រើងត្រឡាច ឬឃ្លោក ដើម្បីទាជ្រកម្លប់
  • ផ្ទៃទ្រុង ០,៣-០,៤ ក្នុងទា១ក្បាល

ការការពារជម្ងឺ

  • ត្រូវផ្តល់ចំណី ដែលស្រស់ថ្មី មិនរលួយស្អុយ
  • សម្អាតស្នូកទឹក ស្នូកចំណី និងទ្រុងទាជាប្រចាំថ្ងៃ
  • កុំឲ្យទា ស្ថិតនៅក្រោមកម្តៅថ្ងៃខ្លាំង និងភ្លៀង ជាពិសេសកូនទា
  • ទ្រុងទា ត្រូវស្អាត និងមានខ្យល់ចេញចូលល្អ
  • ចាក់ថ្នាំការពារជម្ងឺទា សំខាន់ៗ ទាន់ពេលវេលា
  • បំបែកទាឈឺចេញពីហ្វូង

ជម្ងឺទា

Photo: semanticscholar

ជម្ងឺប៉េស្តទា៖

  • បង្កដោយ វីរុស មេរោគរស់នៅក្នុងពោះវៀន និងកន្សោមពង ក្រៅខ្លូនសត្វវារស់នៅក្នុងទឹក
  • មេរោគឆ្លងចេញពីដងខ្លួនសត្វមកក្រៅ តាមលាមក ឬសារធាតុរាវផ្សេងៗ ដែលហូរចេញពីសត្វឈឺ ឬងាប់ ដែលធ្វើឲ្យកខ្វក់ទឹក ពេលសត្វផឹកទឹកទាំងនោះនាំឲ្យសត្វឆ្លងជម្ងឺ
  • សត្វបក្សីដទៃទៀត អាចចម្លងវីរុស ពីកន្លែងកើតជម្ងឺ ទៅកន្លែងផ្សេងទៀត
  • វាបង្កជម្ងឺចំពោះសត្វគ្រប់វ័យ រយៈពេលបង្កជម្ងឺ ពី២-១០ថ្ងៃ អត្រាស្លាប់ ១០០% ជួនកាលសត្វស្លាប់ដល់១០០% ជួនស្លាប់ភ្លាមៗ
  • ទាចចាស់ទទួលជម្ងឺ ខ្លាំងជាងសត្វក្មេង
  • ទាសំកុក ដេកផ្ទាល់នឹងដី មិនសូវធ្វើចលនា ធ្លាក់ស្លាប មានហៀរសំបូរចេញពីច្រមុះ រង្វង់ភ្នែកក្រហមជាំ រាគមានសណ្ឋានជាទឹក ឬជារាគឈាម រោមមានប្រឡាក់ដីឬឈាម
  • ទាស្រែកទឹកខ្លាំង ទាខ្លះស្លាប់ ដោយរមូលកទៅក្រោម ទៅចំហៀង ឬទៅក្រោយ
  • ចំពោះទាពង ចំនួនពងថយចុះ យ៉ាងខ្លាំងរហូតដល់៤០%
  • ពេលខ្លះសត្វឈឺ រយៈពេល១សប្តាហ៍ ទើបស្លាប់

វិធានការណ៍៖

  • ជម្ងឺនេះ គ្មានថ្នាំព្យាបាលទេ ព្រោះបណ្តាលមកពីវីរុស
  • ធ្វើអនាម័យជាប្រចំា លាងសម្អាតស្នូកទឹក ស្នូកចំណី
  • ហាមសត្វបក្សីផ្សេង ចូលក្នុងទ្រុងទា
  • ទិញកូនទា ពីកន្លែងដែលគ្មានជម្ងឺ
  • ចាក់វ៉ាក់សាំង ការពារទាអាយុ ៥សប្តាហ៍

ជម្ងឺរលាកថ្លើមកូនទា៖

  • វាបង្កដោយវីរុស រស់នៅក្នុងខ្លួនសត្វ រីឯក្រៅខ្លួនសត្វ រស់នៅក្នុងលាមកសត្វឈឺរយៈពេលយូរ
  • វាអាចចម្លង ជម្ងឺតាមរយៈសម្ភារៈ មនុស្ស មធ្យោបាយដឹកជញ្ជូន
  • វាឆ្លងយ៉ាងរហ័សពីកូនទាឈឺ ទៅកូនទាដែលទាំងអស់ ក្នុងហ្វូងតាមរយៈលាមក
  • រយៈពេលបង្ករោគសញ្ញា ពី១-៣ថ្ងៃ
  • វាច្រើនតែឈឺ លើទាអាយុក្រោម៦ សប្តាហ៍ ទាដែលមានអាយុច្រើន ធន់និងជម្ងឺនេះ
  • កូនទាឈឺរយៈពេលខ្លី អាចស្លាប់ក្នុងរយៈពេល ២-៣ថ្ងៃ
  • កូនទាសំកុក ភ្នែកបិទពាក់កណ្តាល ចំពុះពណ៌ខៀវ
  • មុនដំបូងវា ពិបាកដើរ ដួលទៅម្ខាង ទធាក់ជើងឡើងលើ
  • សត្វស្លាប់ដោយ សន្ធឹងចំពុះត្រង់ទៅមុខ សណ្តូកជើងត្រង់ទៅក្រោយ
  • ជួនកាលកូនទា ស្លាប់ក្នុងរយៈពេល ២-៣ម៉ោង ដោយគ្មានរោគសញ្ញា
  • អត្រាស្លាប់ ៩៥% កូនទាចំណាស់ អាចរស់ពីជម្ងឺ ករណីនេះ វីរុសអាចបន្តរស់ក្នុងលាមក រយៈពេល២ខែ និងចម្លងទៅហ្វូងដទៃ

វិធានការណ៍៖

  • ជម្ងឺនេះ គ្មានថ្នាំព្យាបាលទេ ព្រោះបណ្តាលមកពីវីរុស
  • ទិញកូនទា ពីកន្លែងគ្មានជម្ងឺ
  • ធ្វើអនាម័យជាប្រចាំ
  • ដាក់កូនទានៅដាច់ដោយឡែក ៤-៦សប្តាហ៍ អាចជួយការពារជម្ងឺ
  • ចាក់វ៉ាក់សំាំងការពារ លើមេទាអាចជួយផ្តល់ភាពស៊ាំទៅពង បើមេទាមិនបាចាក់វ៉ាក់សាំងការពារ កូនទាដែលញាស់ពីមេនេះ គួរចាក់វ៉ាក់សំាំង នៅអាយុ១ថ្ងៃឡើងទៅ
Photo: iduckn

ជម្ងឺផ្លេកទា៖

  • វាបង្កដោយវីរុស ធ្វើឲ្យកូនទាស្លាប់ច្រើន ចំពោះសត្វដែលមិនស្លាប់ វាធន់នឹងជម្ងឺនេះរហូត
  • ទាទន់ជើង ដេកក្រាប ញ័រខ្លួន ស្រេកទឹកខ្លាំង មានទឹកហូរចេញពីភ្នែក មាត់ច្រមុះ ពិបាកដកដង្ហើម ពេលដកដង្ហើមលឺសូរក្រីតៗ រាគស ទាស្លាប់ក្នុងរយៈពេល ២៤ម៉ោង
  • មានសំបោរស្អិត ជ្រាបតាមបំពង់ខ្យល់ បេះដូង តាមពោះវៀន ត្រចៀក ហើមពោះមានខ្ទុះ កន្ទួលតាមស្បែក
  • ជម្ងឺនេះ ស្រដៀងជម្ងឺអាសន្នរោគ ខុសគ្នាត្រង់វាមាន កន្ទួលហើមពេញប្រដាប់ខាងក្នុង ឯអាសន្នរោគមានតែបេះដូង ប៉ុណ្ណោះ

វិធានការណ៍៖

  • គ្មានថ្នាំព្យាបាលទេ ព្រោះបង្កពីវីរុស
  • ធ្វើអនាម័យទ្រុង ស្នូកទឹក ស្នូកចំណី និងចាក់វ៉ាក់សាំងាការពារ
Photo: iduckn

ជម្ងឺអាសន្នរោគទា៖

  • វាបង្កដោយ បាក់តេរី
  • វាច្រើនកើត នៅប្រទេសកម្ពុជាយើង និងចំពោះទាដែលប្រលែង ឲ្យស៊ីតាមធម្មជាតិ
  • វាច្រើនកើត ចំពោះទាអាយុ ១ខែឡើង
  • វាធ្វើឲ្យទាមិនស៊ីចំណី ស្រេកទឹក ក្អកតិចៗ វៀចក ដេកផ្ងារ ដំណើរទ្រេតទ្រោត លាមកមានសំបោរស ក្រោយមកខៀវ
  • ទាអាចស្លាប់ដោយគ្មានរោគសញ្ញា អត្រាស្លាប់អាចលើស ៥០%

វិធានការណ៍៖

  • ប្រើថ្នាំពពួកអង់ទីប៊ីយ៉ូទិច ស៊ុលហ្វាមីត
  • ចាក់វ៉ាក់សំាង សម្អាតទ្រុង
  • ទាចិញ្ចឹមប្រលែងច្រើន កើតជម្ងឺនេះ ប្រើអង់ទីប៊ីយ៉ូទិច ម្តងម្កាលអាចជួយការពារជម្ងឺនេះ

ជម្ងឺអ៊ុតទា៖

  • ជម្ងឺនេះ ដូចអុតមាន់ដែរ បង្កដោយវីរុស
  • វាឆ្លងរាលដាល តាមផ្លូវដង្ហើម ផ្លូវរំលាយអាហារ និងស្នាមរបួស
  • សត្វកើតជម្ងឺ វាសាយភាយមេរោគ ពេលស៊ីផឹករួមគ្នា ហើយវាអាចធ្វើឲ្យសត្វផ្សេងៗ ត្រូវឆ្លងមេរោគ និងកើតជម្ងឺនេះឡើង
  • វាធ្វើឲ្យទាមិនស៊ីចំណី ទ្រុឌទ្រោម រោមស្ងួត ធ្លាក់ឈាម ក្រោយមកនៅលើស្បែកជើង គល់ចំពុះ ក្នុងចង្វែកមាត់ ឃើញមានចេញកន្ទួលរាងមូលពណ៌ក្រហម ពកខ្ពស់ឡើងរឹង និងមានពណ៌ប្រផេះ

វិធានការណ៍៖

  • ធ្វើអនាម័យទ្រុង ស្នូកចំណី ស្នូកទឹក
  • នៅក្នុងហ្វូង មានទាកើតជម្ងឺ ត្រូវចាប់បំបែក ទៅកន្លែងផ្សេងៗ ធ្វើការព្យាបាលទាន់ពេលវេលា ដើម្បីទប់ស្កាត់មេរោគ កុំឲ្យរាលដាល ដល់មជ្ឈដ្ឋានជុំវិញ
  • ប្រើថ្នាំពណ៌ស្វាយ bleu Methylen លាបលើបណ្តាលកន្ទួលអ៊ុត បន្ទាប់ពី ២-៣ថ្ងៃ ពេលណាកន្ទួលអ៊ុត ឈប់លេចចេញទើបឈប់
  • ឲ្យផឹកថ្នាំ Tetracycline កម្រិត ៥មីលីក្រាម/ក្បាល ឬ Sulfamevazin ២០មីលីក្រាម/ក្បាល បន្តបន្ទាប់ រយៈពេល៣-៤ថ្ងៃ ដើម្បីប្រឆាំង និងមេរោគផ្សេងៗ ដែលរួមក្នុងការបង្ការជម្ងឺ
  • ប្រើវ៉ាក់សាំង អ៊ុតការពារ ឬបន្តក់ច្រមុះ ភ្នែក ឲ្យទានៅអាយុ ៥-៧ថ្ងៃ

ជម្ងឺរលាកផ្ចិតទា៖

  • ដោយសារកូនទា ញាស់មុនថ្ងៃទី ២៨ផ្ចិត មិនទាន់ស្ងួត រន្ធផ្ចិតបើកចំហ ពេលប្រលែងកូនទា ឲ្យហែលទឹក នៅថ្ងៃដំបូង មេរោគជ្រៀតចូល បង្កឲ្យមានការរលាកផ្ចិត
  • ដោយស៊ុត យកទៅភ្ញាស់ ខ្វះសារធាតុចិញ្ចឹម ដូច្នេះពេលញាស់ ចេញមកទោះបី គ្រប់ថ្ងៃ ក៏រន្ធផ្ចិតនៅតែ បើកចំហ
  • ដោយដំណាក់កាល ភ្ញាស់ស៊ុត មិនបានសម្អាត ធ្វើអនាម័យទីកន្លែងភ្ញាស់ ទូភ្ញាស់ ធ្វើឲ្យមេរោគជ្រៀត ពីខាងក្រៅចូលក្នុងសំបកស៊ុត ចូលក្នុងគ៌ក បង្កឲ្យរលាកផ្ចិត
  • ក្រោមស្បែកជុំវិញ គល់ទងផ្ចិត នៅពោះហើមធំ ពណ៌ក្រហម ផ្ចិតចំហ ពិនិត្យមើលតំបន់ពោះ ឃើញពណ៌ខៀវ ដូចស្លឹកឈើ ឬពណ៌ប្រផេះ
  • អាការៈកូនទាសំកុក មិនចង់ចុះហែលទឹក ឈរបើកលភ្នែក ព្រឹមៗ បាស់រោម ពោះធំ លាមកពណ៌ស

វិធានការណ៍៖

  • ចាក់Pemielline កម្រិត ៥០០០ UI/ក្បាល/ថ្ងៃ រយៈពេល ២-៣ថ្ងៃ (Penicilline ១ដប ១ ០០០ ០០០ UI ចាក់បាន២០០ក្បាល)
  • អាចប្រើ ថ្នាំផ្សេងដូចជា Ampicilin, Tylum, Terramycin ពេលព្យាបាល គួរប្រើថ្នាំ Penicilline ឬ Terramycin លាបផ្ទាល់និងផ្ចិត ធ្វើបែបនេះ គឺការព្យាបាលរហ័សជាសហស្បើយ

ជម្ងឺផ្តាសាយទា៖

  • វាបង្កជម្ងឺ ពីបាក់តេរី
  • សត្វទា វាមានភាពធន់ ជាងសត្វមាន់
  • វារាតត្បាត ធ្វើឲ្យកូនទាក្រិន ធំធាត់យឺត ផ្តល់ពងតិច ហើយអាចងាប់
  • វាកើតឡើងចំពោះទាធំ ពេលអាកាសធាតុប្រែប្រួល ការថែទាំពុំបានល្អ ធ្វើឲ្យទាចុះខ្សោយ
  • វារាតត្បាតក្នុងហ្វូង យ៉ាងឆាប់រហ័ស
Photo: reuters

ការចាក់វ៉ាក់សាំង

កម្មវិធីចាក់វ៉ាក់សាំង ការពារជម្ងឺទា៖

  • ប៉េស្តទា ចាក់អាយុ ៣ ថ្ងៃ ចាក់សាច់ដុំទ្រូង កម្រិត ០,៣ CC/ក្បាល លើកទី១
  • អាសន្នរោគទា ចាក់អាយុ ១ ខែ ចាក់សាច់ដុំទ្រូង កម្រិត ០,៣ CC/ក្បាល លើកទី១
  • ប៉េស្តទា ចាក់អាយុ ៤៥ ថ្ងៃ ចាក់សាច់ដុំទ្រូង កម្រិត ១ CC/ក្បាល លើកទី២
  • រលាកថ្លើម ចាក់អាយុ ២ ខែ ចាក់សាច់ដុំទ្រូង កម្រិត ១ CC/ក្បាល
  • អាសន្នរោគទា ចាក់អាយុ ៤ ខែ ចាក់សាច់ដុំទ្រូង កម្រិត ១ CC/ក្បាល លើកទី២

ចំណាប់អារម្មណ៍

ការថែទាំសុខភាពរបស់ទា សំខាន់ណាស់ដើម្បីឲ្យទាមានសុខភាពល្អ មានអត្រារស់ខ្ពស់។ ប្រសិនបើទាមានសុខភាពមិនល្អ វាមិនធ្វើឲ្យអ្នកចិញ្ចឹមជួបប្រទះនិងការខាតបង់។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts