បង្កងអូស្រ្តាលី ជាសត្វទឹកដែលទើបតែមានវត្តមាន នៅប្រទេសកម្ពុជាយើង តាមរយះការនាំចូលពីប្រទេសជិតខាង មកចិញ្ចឹមដើម្បី បំពេញតម្រូវការ ការបរិភោគសាច់របស់វា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជា បានចាប់អារម្មណ៍ នឹងការចិញ្ចឹម បង្កងអូស្ត្រាលី នេះយ៉ាងខ្លាំង ព្រោះវាមានតម្រូវការលើទីផ្សារ តែអ្វីដែលជាបញ្ហាគឺបច្ចេកទេស ក្នុងការចិញ្ចឹម ធ្វើយ៉ាងណាទើបបង្កងអាចធំធាត់តាមពេលកំណត់ ដើម្បីទទួលបានទិន្នផល អតិប្បរមា ។
ពិតណាស់ វាគឺមានច្រើនកត្តាដែលបណ្តាលឲ្យ បង្កងអូស្រ្តាលី របស់អ្នកមិនសូវធំធាត់ល្អ រាប់ចាប់តាំងពី ជំងឺ ការថែទាំ គុណភាពទឹក ពូជ និងចំណី .ល. ។
ក្នុងអត្ថបទនេះ យើងនឹងលើកយកចំណុច សំខាន់ជាងគេមកនិយាយ នោះគឺចំណីរបស់ បង្កងអូស្ត្រាលី ព្រោះ បើសិនជា បង្កងអូស្ត្រាលី មិនខុសបីសត្វដទៃនោះទេ គឺវាត្រូវការអាហារដែលមាន សារៈធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីអោយវា មានសុខភាពល្អ និងលូតលាស់បានល្អ។
ចំណីរបស់បង្កងអូស្ត្រាលី សម្រាប់ការចិញ្ចឹមលក្ខណៈអាជីវកម្ម ខ្នាតតូច គឺបែងចែកជា គឺ ចំណី សម្រេច និងចំណីផលិតដោយខ្លួនឯង ព្រោះវាជួយឲ្យ បង្កងអូស្ត្រាលី របស់អ្នកឆាប់ធំធាត់ តាមដំណាក់កាល បានល្អ និងជួយ សន្សំសំចៃ ថ្លៃដើមក្នុងការផលិតផងដែរ ។
ចំណីសម្រេចសម្រាប់ បង្កងអូស្ត្រាលី
នៅលើទីផ្សារក្នុងប្រទេសយើង គឺមិនទាន់មានចំណីចំណីសម្រាប់ បង្កងអូស្ត្រាលី ឲ្យពិតប្រាកដ៏នោះទេ ជាទូទៅគឺយើងប្រើ ចំណីសម្រាប់ បង្គារ ដើម្បីឲ្យ បង្កងអូស្ត្រាលីស៊ី ហើយអ្នកអាចរកទិញបានតាមតូបលក់ចំណីសត្វ អ្វីដែលអ្នកត្រូវសម្គាល់គឺ ទំហំគ្រាប់របស់ ចំណី និងតាមអាយុរបស់ បង្កងអូស្ត្រាលី របស់អ្នក ៖
- គ្រាប់ចំណីទំហំ 1mm , គឺសាកសមនិង កូនបង្កងដែលទើបនឹងញាស់
- គ្រាប់ចំណីទំហំ 3mm , គឺសាកសមនិង កូនបង្កងមានអាយុ ចាប់ពី ៣ សប្តាហ៍ រឺមានទំហំខ្លួន ប្រវែង ២,៥ ទៅ ៧,៥ សង់ទីម៉ែត្រ
- គ្រាប់ចំណីទំហំ 4mm , គឺសាកសមនិង កូនបង្កងមានអាយុ ចាប់ពី ៣ សប្តាហ៍ រឺមានទំហំខ្លួន ប្រវែងចាប់បី ៧,៥ សង់ទីម៉ែត្រឡើទៅ
ចំណីផលិតដោយខ្លួនឯងសម្រាប់ បង្កងអូស្ត្រាលី
ចំណីផលិតដោយខ្លួនឯង រឺចំណីធម្មជាតិ ដែលយើងអាចរកបានដូចជា បន្លែ ខ្យង ក្តាម គ្រាប់ធញ្ញជាតិ ជាដើម ទាំងនោះរួមមាន៖ ពងទាស្ងោរ ចកអាសូឡា សណ្តែកខៀវស្ងារ សណ្តែកសៀងស្ងោរ ល្ពៅឆៅ រឺ ស្ងោរ សាច់ខ្យង ក្តាម ត្រី ពោះត្រី .ល. ។
ទាំងចំណី សម្រេច និងចំណីធម្មជាតិ លោកអ្នកអាច អោយទៅ បង្កងអូស្ត្រាលី ជាប្រចាំ ដោយធ្វើការផ្តល់ឆ្លាស់គ្នា និងតាមចំនួនមួយ សមស្របទៅ តាមដង់ស៊ីតេ ក្នុងអាងរបស់អ្នក ជៀសវាងផ្តល់ច្រើនពេក នោះចំណីនៅសល់អាចបណ្តាលអោយទឹក ក្នុងអាង រឺស្រះ របស់អ្នកស្អុយ ។
ប្រសិនបើ លោកអ្នក មានរូបមន្ត រឺចំណីផ្សេងៗ ដែលអ្នកប្រើទៅមានប្រសិទ្ធភាព ជាងអ្វីដែលយើងបានរៀបរាប់ សូមចូលរួមចែក រំលែក តាមរយះ Comment ខាងក្រោម ដើម្បីចូលរួមលើកស្ទួយ និងជួយពង្រីក ចំណេះដឹងការចិញ្ចឹមបង្កងអូស្ត្រាលី ដល់ប្រិយមិត្តដទៃទៀត ក្នុងសហគមន៍របស់យើង ។