រំដេង ភាសាអង់គ្លេសហៅថា Galangal ជារុក្ខជាតិប្រទាលមួយប្រភេទ មើមមានក្លិនឆួល ហើយដែលគេស្គាល់ជាទូទៅ គេយកវាមកប្រើជាគ្រឿង ក្នុងម្ហូបអាហារ ក្រៅពីប្រើដើម្បីកាត់ក្លិនឆ្អាប និងបង្កើនរសជាតិក្នុងម្ហូប រុក្ខជាតិនេះ នៅមានប្រយោជន៍ក្នុងការប្រើជាឱសថផង។
រំដេង ងាយដាំដុះណាស់ គេគ្រាន់តែយក(មើម ឫដើមដែលភ្ជាប់ជាមួយភ្នែករបស់វា)ទៅកប់ដីចោលក្នុងជំរៅរាក់ល្មម ដោយពុំចាំបាច់ថែទាំហត់នឿយអ្វីឡើយ ទោះបីក្នុងម្លប់មិនត្រូវថ្ងៃសោះ ក៏រុក្ខជាតិនេះអាចដុះ លូតលាស់បានដែរ នៅរដូវវស្សាពេលដែលភ្លៀងធ្លាក់ជោគជាំ រំដេងចាប់ផ្តើមដុះបែកគុម្ពច្រើនសន្ធឹកសន្ធាប់ពាសវាល ។
ខាងក្រោមនេះ ជាវិធីដាំដុះ រំដេង ឲ្យបានផលច្រើន៖
ការរៀបចំដី ដើម្បីដាំ រំដេង
- ភ្ជូររាស់ដី ហាលដី២-៣ថ្ងៃ
- សម្អាតស្មៅ
- បើដីលិចទឹក ត្រូវលើកជារង ដើម្បីកុំឲ្យជាំទឹក
- បើដីរាបស្មើ ដីជំរាលភ្នំ គ្រាន់តែភ្ជួរ មិនបាច់ហាលដីក៏បាន
- ត្រូវធ្វើការភ្ជួរ រាស់ដីឲ្យបាន១ទៅ២ដង ភ្ជួររាស់ដី ដោយគោយន្ត ឬត្រាក់ទ័រ
- សំលាប់ស្មៅ និងដីធ្វើឲ្យដីម៉ដ្ឋល្អ
- កាប់រណ្តៅ ចន្លោះគុម្ព១ម និងចន្លោះរង១ម ដូចគ្នា ប្រវែងរង អាចធ្វើទៅតាមសណ្ឋានភាពដី វែង ឫខ្លី
- បាតរណ្តៅដាក់ជីលាមកគោ
ការដាំដុះ រំដេង
- ដាំដុះគួរធ្វើនៅដើមរដូវវស្សា ពីខែមេសា រឺឧសភា ពេលមានភ្លៀងធ្លាក់អាចដាំបាន
- ដាំដោយមើមតែម្តងក៍បាន ឬដាំដោយបណ្តុះកូនក៏បាន
- បើដាំកូនបណ្តុះ មុនដំបូងយកពូជរំដេង ដែលបានត្រៀមទុក ទៅបណ្តុះ ឲ្យបានប្រវែង១តឹក
- យករំដេងដែលបណ្តុះបានកំពស់១តឹក មកដាក់ដាំក្នុងរណ្តៅដែលបានត្រៀម
- ឬយកគល់រំដេងចាស់ៗ មកដាំដោយក្នុង១គុម្ព ដាំ២ទៅ៣ដើម
ការថែទាំ រំដេង
- មិនពិបាកថែទាំទេ ពេលនៅតូច បើរាំងស្ងួតខ្លាំង គ្រាន់តែស្រោចទឹក ១-២ដង
- បន្ទាប់ពីដាំដុះបាន១ខែ ត្រូវធ្វើការសម្អាតស្មៅតាមចន្លោះគុម្ព
- ដាក់ជីបំប៉ន ២ទៅ៣ដង រហូតដល់ពេលប្រមូលផល
- ត្រូវធ្វើការស្រោច ទឹកបើមិនមានភ្លៀងធ្លាក់ច្រើនថ្ងៃ
ការប្រមូលផល រំដេង
- រំដេងបន្ទាប់ពីដាំដុះបាន៩ទៅ១២ខែ អាចធ្វើការប្រមូលផលបានហើយ ដោយធ្វើការគាស់ចេញពីដី រួចយកទៅសម្អាត លាងទឹកឱ្យស្អាត និងទុកឲ្យស្ងួត រួចយើងច្រកថង់ដើម្បី យកទៅលក់នៅលើទីផ្សារ
ចំណាប់អារម្មណ៍ ពីដំណាំ រំដេង
រំដេង ជាគ្រឿងទេសដែលប្រជាជនខ្មែរយើងនិយមប្រើប្រាស់ ទាំងការទទួលទាន និងប្រើប្រាស់ជាថ្នាំបុរាណសម្រាប់ជំនួយសុខភាព។ បងប្អូនគួរដាំដុះរំដេង ឲ្យមានតាមផ្ទះ ឬចំការដើម្បីប្រើប្រាស់ជាប្រយោជន៍បានច្រើនមុខ និងរកប្រាក់ចំណូលបន្ថែមពីដំណាំនេះផង។ យើងក៏ណែនាំប្រិយមិត្ត ដែលមានដីទំនេរជំវិញស្រះទឹក ឲ្យពិចារណាដាំរំដេង ផងដែរ។