វិធីធ្វើ ជីកំប៉ុស ចេញពី អាច់មាន់លាយអង្កាម

អាច់មាន់លាយអង្កាម ជាជីកំប៉ុស ដែលល្អមួយប្រភេទ ដែលយើងអាចប្រើជំនួស ឲ្យការប្រើប្រាស់ ជីលើទីផ្សារដែលមានតម្លៃថ្លៃ ប៉ុន្តែកសិករ រឺអ្នកដាំដុះមួយចំនួន អាចមានការយល់ច្រលំ រឺ មិនទាន់ដឹងពីការប្រើប្រាស់វា ជាពិសេសថាត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាច់មាន់លាយអង្កាម ក្លាយជាជីកំប៉ុសពេញលេញបាន ។

មុននឹងប្រើ យើងត្រូវផ្អាប់ អាច់មានអង្កាមជាមុនសិន ដើម្បីឲ្យវាបង្កើតសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រុក្ខជាតិ ដើម្បីធានាថាវានឹងមិនបង្កផលប៉ះពាល់អវិជ្ជមានណាមួយលើដើមឈើរបស់យើង។

ហេតុអ្វីបានជា ត្រូវផ្អាប់?

អាច់មាន់លាយអង្កាម ដែលទើបកើបចេញពីកសិដ្ឋានចិញ្ចឹមមាន់ថ្មីៗ វាមិនទាន់ក្លាយជាជីសម្រាប់ដំណាំនៅឡើយទេ ប្រសិនបើ​វា​មិន​ទាន់បានផ្អាប់ទេ វា​មិន​ហៅ​ថា​ជី​ទេ។

យើងក៏ធ្លាប់លឺមនុស្សជាច្រើនបានមតិស្រដែងគ្នាថា ការប្រើជាអាច់មាន់ មិនសូវបានផលលើដំណាំ ធ្វើអោយដីហិរ រឺក្តៅ ប៉ះពាល់ដល់សុខភាពដំណាំ ពេលខ្លះធ្វើអោយដំណាំងាប់ផងដែរ ។

ការលើកឡើងខាងលើ ពិតជាមិនខុសនោះទេ ព្រោះពួកគាត់ប្រើអាច់មាន់ រឺអាច់មាន់លាយអង្កាម ដោយមិនបានធ្វើការផ្អាប់អោយ ទៅជាជីកំប៉ុសជាមុន ។ ដូច្នេះការផ្អាប់គឺជាដំណើរការ ដ៏សំខាន់ក្នុងការបំលែង សារធាតុសរីរាង្គ នៅក្នុងអាច់មាន់ និងអង្កាម អោយបញ្ចេញ នូវសារធាតុចិញ្ចឹម ដែលអាចមានប្រយោជន៍ ដល់រុក្ខជាតិដូចជា ​អា​ស៊ូ​ត​(N), ផូស្វ័​រ (P), ប៉ូ​តា​ស្យូម (K) និងសារធាតុបន្ទាប់បន្សំច្រើនជាង 10ទៀត ដែលអាចកើតមានតិច រឺច្រើនទៅតាមប្រភេទសារធាតុសរីរាង្គដែលត្រូវ យកមកលាយផ្អាប់ជាមួយ អាច់មាន់នោះ។

អាច់មាន់លាយអង្កាម មុននិងក្រោយពេលផ្អាប់

វិធីផ្អាប់ រឺបំលែងមីក្រូសារពាង្គកាយ ក្នុងអាច់មាន់លាយអង្កាម ទៅជាជីកំប៉ុស

មានវិធីជាច្រើន ដែលអាចបំលែង អាច់មាន់ អោយទៅជាជីកំប៉ុសបាន តែក្នុងអត្ថបទនេះខ្ញុំសូមអនុញ្ញាត បង្ហាញពីវិធីមួយដែល ងាយស្រួលក្នុងការ អោយបងប្អូនអាចធ្វើវាបានដោយខ្លួនឯង តែត្រូវចំណាយពេលវេលាបន្តិច ។

ជំហានដំបូង៖ ត្រូវយកអាច់មាន់អង្កាម មួយបាវ ( ប្រហែល 20គីឡូ ) ចាក់ដាក់ធុង រឺកំរាល

ជំហានទី២៖ លាយទឹក ១០លីត្រ ជាមួយ ទឹកជូលិនស៊ី ១០០ មីលីលីត្រ កូរអោយសប់

ជំហានទី៣៖ ស្រោចទឹកដែលលាយរួច បន្តិចម្តងៗ ទៅលើអាច់មាននៅក្នុងធុង រឺកំរាល រួចច្របល់អោយសប់

ជំហានទី៤៖ ក្រោយពីលាយសប់ល្អហើយ (មិនសើមជោគពេក) រួចចាក់ដាក់ក្នុងធុង រឺលូកង់អណ្តូង ត្រូវយកថង់ក្រាលបាតកុំអោយជ្រាបទឹក យកដីល្បាប់ (ដីទន្លេរ) មករោយពីលើដើម្បីជួយកាត់បន្ថយក្លិនពេលផ្អាប់ ។

ជំហានចុងក្រោយ៖ យកតង់ រឺថង់ មកគ្របបិតពីលើ ធុង រឺលូកង់អណ្តូង ជាការស្រេច ។

ត្រូវរងចាំរយះពេល 30 ថ្ងៃ ដើម្បីឱ្យអាច់មាន់ ធ្វើសំយោគបំលែងទៅជាកំប៉ុសល្អ ទើបអាចប្រើប្រាស់បាន។

របៀបប្រើ អាច់មាន់លាយអង្កាម ដែលបំលែងទៅជាកំប៉ុសរួច

  • អាចយក អាច់មាន់អង្កាម ដែលបំលែងទៅជាកំប៉ុសរួច ប្រើសម្រាប់លាយដីបណ្តុះគ្រាប់ពូជដំណាំ បន្លែ បាន។
  • យកទៅរោយលើរោងដាំបន្លែ
  • យកដាក់រោយ ជុំវិញគល់ដំណាំ ផ្សេងៗ (កុំប្រើច្រើនពេក) រៀងរាល់ ១៥ ថ្ងៃម្តង

របៀបរក្សាទុក ទុក​វា​ឱ្យ​ស្ងួត​រហូត​ដល់​ស្ងួត រួច​ទុក​វា​ក្នុង​បាវ​ហើយ​ដាក់​ក្នុង​ម្លប់។

វិធីខាងលើនេះ គឺទាមទារអោយយើងចំណាយពេលវេលាលឿនក្នុងការធ្វើ តែត្រូវការរងចាំការសំយោគ បំលែងទើបទទួលបានផល ដូច្នេះ យើងលើទឹកចិត្តអោយបងប្អូន គិតជាមុនថាត្រូវធ្វើប៉ុន្មានដង រឺប៉ុន្មានបាវក្នុងមួយសប្តាហ៍ ដើម្បីទទួលបានជីកំប៉ុសគ្រប់គ្រាន់សម្រាប់ ដំណាំរបស់បងប្អូនដែលកំពុង រឺត្រូវដាំដុះ ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts