បច្ចេកទេសផលិត កូនត្រីក្រាញ់

ត្រីក្រាញ់ ជាត្រីទឹកសាប ដែលបងប្អូនយើង និយមទទួលទាន ដូចជា ស្ល ចៀន អាំងជាដើម។ ការចិញ្ចឹមត្រីក្រាញ់ មានសារៈសំខាន់ណាស់ សម្រាប់ផ្គត់ផ្គង់ តម្រូវការហូបចុកប្រចាំថ្ងៃ របស់ប្រជាជនយើង។ ការផលិតកូនត្រីពូជ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនេះ។

ខាងក្រោមនេះ ជាវិធីសាស្រ្ត ក្នុងការផលិតកូនត្រីក្រាញ់៖

លក្ខណៈជីវសាស្រ្ត

  • ឈ្មោះវិទ្យាសាស្រ្ត៖ Anabas testudineus
  • ត្រីក្រាញ់មានដើមកំណើត នៅអាស៊ីអាគ្នេយ៍
  • ជាប្រភេទត្រីពូកែននៀលចេញ ពីស្រះ បឹង ត្រពាំង
  • វាអាចដកដង្ហើមស្រូបយកអុកស៊ីសែនរលាយក្នុងទឹកផង និងពីបរិយាកាសផង
  • វាជាប្រភេទត្រីដែលធន់ទៅនឹងមជ្ឈដ្ឋានទឹក ដែលមានកម្រិតអុកស៊ីសែនទាប
  • វាស៊ីចំណីចំរុះ រុក្ខជាតិ សត្វ ចំណីផ្សំ ចំណីគ្រាប់

ការបំប៉នមេពូជមុនបង្កាត់ភ្ញាស់

  • ចំណីគ្រាប់ដែលផ្តល់ឲ្យ ត្រូវមានប្រូតេអីន ៣០%
  • បរិមាណចំណីត្រូវផ្តល់ពី ២-៣% នៃទម្ងន់ដងខ្លួនសរុប
  • ត្រូវផ្តល់ចំណីបន្ថែម មានស្រូវបណ្តុះ ៥-១០%
  • មុនបង្កាត់១ខែ ត្រូវបន្ថយចំណីគ្រាប់ ទាំងបរិមាណ និងប្រូតេអីន
  • ដង់ស៊ីតេបំប៉នត្រីមេពូជ ០,៥ គ.ក្រ/ម៉ែត្រការ៉េ (ដាក់ញីនិងឈ្មោលដាច់ឡែកពីគ្នា)
  • ជម្រៅស្រះ សមស្របពី ១ម៉ែត្រ ទៅ១,២ម៉ែត្រ

ការជ្រើសរើសមេពូជ

  • ត្រីមេពូជ មួយក្បាល ត្រូវមានទម្ងន់ពី ១០០ -១៥០ក្រាម
  • ត្រីមេពូជមានអាយុពី ៤-៦ខែ
  • ត្រីត្រូវមានសុខភាពល្អ គ្មានរបួស និងគ្មានជម្ងឺ
  • ត្រីមេពូជញីៈ ត្រូវរើសត្រីញីមានក្បាលតូច មានស្រកាទន់ មានពោះធំហើយទន់ គ្មានស្នាមអុចលើដងខ្លួន។
  • ត្រីមេពូជឈ្មោលៈ ត្រូវរើសត្រីឈ្មោលមានក្បាលតូច ស្រកាទន់ គ្មានស្នាមអុចលើដងខ្លួន មានទឹកស្ពែមខាប់ល្អ

រដូវកាលបន្តពូជ

  • ការបង្កាត់តាមធម្មជាតិ៖ ត្រីក្រាញ់អាចបន្តពូជ គឺចាប់ពីខែមេសា ដល់ខែកញ្ញា
  • ការបង្កាត់ក្នុងស្ថានីយ៍៖ ក្នុងករណីយើងបំប៉ន មេពូជត្រីបានល្អ ត្រីក្រាញ់អាច បង្កាត់បានស្ទើរតែពេញ១ឆ្នាំ។

ការបង្កាត់ពូជ

បច្ចេកទេសនៃការបង្កាត់ពូជត្រីក្រាញ់មានច្រើនរបៀប តាមបទពិសោធន៍ ជាក់ស្តែងបង្ហាញថា៖

  • វិធីសាស្រ្តដែលល្អ គឺបង្កាត់ក្នុងស្រះ តាមរយៈការធ្វើអនាម័យស្រះ
  • ទឹកគុណភាពល្អ
  • ដំណើរការបង្កាត់ស្របតាមលក្ខណៈបច្ចេកទេស ជារួមមាន៥សកម្មភាពចំបង៖
  • ព័ទ្ធស្បៃជុំវិញស្រះ ការពារត្រីកាច ពស់ កង្កែប ចូលក្នុងស្រះ
  • បាចកំបោរឲ្យពេញផ្ទៃស្រះ ហាលស្រះរយៈពេល២-៣ថ្ងៃ
  • ព័ទ្ធកៅស៊ូ ក្នុងផ្ទៃស្រះសម្រាប់ភ្ញាស់ពងត្រី និងធ្វើដំបូលប្រក់ពីលើ
  • បញ្ចូលទឹកឲ្យបានកម្ពស់ ៤០ស.ម
  • មុនដំណើរការបង្កាត់ ត្រូវពិនិត្យមើលគុណភាពទឹក pHទឹក

ប្រភេទអ័រម៉ូនដែលធ្លាប់ប្រើ(HCG)

  • ប្រើអ័រម៉ូន Human Chorionic Gonadotrophin (HCG) ១អំពូល = 10000 UI សម្រាប់ត្រីពូជ ៣គ.ក្រ
  • ចាក់អ័រម៉ូនពេលរសៀល

បចេ្ចកទេសប្រើអ័រម៉ូន(HCG)

  • ចាក់អ័រម៉ូន(HCG) ទៅក្នុងខ្លួនត្រីតាមវបច្ចេកទេស
  • ដាក់មេពូជក្នុងអាងចល័ត
  • បើកប្រព័ន្ធទឹក ដើម្បីឲ្យត្រីមានរំញោច និងទម្លាក់ពង
  • បង្ហូរពងត្រីទៅក្នុងស្រះភ្ញាស់ ដែលមានព័ទ្ធកៅស៊ូទុកជាស្រេច
  • ចាប់ពី២០ម៉ោងទៅ ពងត្រីនិងចាប់ផ្តើមញាស់ជាកូនត្រីម្សៅ
  • បញ្ចូលអុកស៊ីសែន ជំនួយដល់កូនត្រីទើបញាស់ (ប្រើពេលយប់)
  • ក្រោយពីញាស់បាន ៣៦ម៉ោង កូនត្រីអស់អាហារបំរុង

ការផ្តល់ចំណី

  • សប្តាហ៍ទី១៖ ពងទា១គ្រាប់ លាយម្សៅត្រី៣ខាំ ស៊ី៤ដងក្នុង១ថ្ងៃ សម្រាប់ផ្ទៃស្រះ ២០០ម៉ែត្រការ៉េ
  • សប្តាហ៍ទី២៖ ចំណីម្សៅ មានប្រូតេអីន ៤០% បាចឲ្យពេញផ្ទៃស្រះ ស៊ី១ថ្ងៃ ៦ដង
  • សប្តាហ៍ទី៣៖ ផ្តល់ចំណីគ្រាប់ ទំហំកន្លហលី ឲ្យស៊ី១ថ្ងៃ ៤ដង
  • ចាប់ពីអាយុ ៣០ -៦០ថ្ងៃ៖ កូនត្រីមានទម្ងន់ពី ១-៣ក្រាម
  • បំប៉នកូនត្រី៖ ដើម្បីឲ្យកូនត្រី មានទម្ងន់ ៥ក្រាម ត្រូវបំប៉នរយៈពេល ១៥-៣០ថ្ងៃទៀត ក្នុងស្រះ ឬហាប៉ា

ការប្រមូលផល

  • មុនវេចខ្ចប់ មួយសប្តាហ៍ ត្រូវកៀកូនត្រី ដាក់ផ្សំក្នុងហាប៉ា មួយថ្ងៃកៀបានតែម្តងទេ(សម្រាប់ស្រះនីមួយៗ)
  • ធ្វើការព្យាបាល និងសម្លាប់មេរោគ ដោយប្រើអំបិល ២០០ក្រាម/ទឹក១០លីត្រ ត្រាំរយៈពេល៣-៥នាទី ទើបយកទៅដាក់ក្នុងហាប៉ាបំប៉ន
  • ក្នុងទឹក១លីត្រ អាចដាក់កូនត្រីបានពី ២០០-៥០០ក្រាម សម្រាប់រយៈពេល៥ម៉ោង
  • ថ្លឹងទឹកជាមុន ទើបថ្លឹងកូនត្រីដាក់ ធ្វើបែបនេះកុំឲ្យកូនត្រីអន់។

ចំណាប់អារម្មណ៍

ដើម្បីផលិតកូនត្រីក្រាញ់ បានល្អ បងប្អូនត្រូវចេះ ជ្រើសរើសមេបាពូជ ឲ្យបានត្រឹមត្រូវ និងវិធីសាស្ត្រក្នុងការបង្កាត់ពូជ ឲ្យបានច្បាស់លាស់ដើម្បី ទទួលបានទិន្នផលល្អ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts