បច្ចេកទេស ចិញ្ចឹមត្រីឆ្លូញ ងាយៗក្នុងលូ

ត្រីឆ្លូញ ជាត្រីទឹកសាប ដែលប្រជាជនខ្មែរ យើងនិយមទទួលទានណាស់ ព្រោះវាមាន រសជាតិឆ្ងាញ់ ហើយត្រី ទាំងនេះ ត្រូវបានគេ នេសាទពីប្រភពទឹកធម្មជាតិ។ ប៉ុន្តែបច្ចុប្បន្ននេះ តម្រូវការហូបចុក កើនឡើងធ្វើអោយការ រកត្រីពីធម្មជាតិកាន់តែលំបាក។

ខាងក្រោមនេះ គឺជាបច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូ៖

លក្ខណៈទូទៅរបស់ត្រីឆ្លូញ

  • ត្រីឆ្លូញជាប្រភេទត្រី ពេញនិយមសម្រាប់ប្រជាជនកម្ពុជា
  • ឈ្មោះខ្មែរ៖ ត្រីឆ្លូញ
  • ឈ្មោះអង់គ្លេស៖ Peacock eel
  • ឈ្មោះវិទ្យាសាស្រ្ត៖ Macrognathus siamensis
  • វាជា ត្រីរំអិលមួយប្រភេទ ស្រដៀងនឹងត្រីខ្ជឹងតែតូចជាង
  • ប្រភេទត្រីស្ដើងតូចមានក្បាលតូចចង្អៀត (ជាទូទៅមាននៅក្នុងភក់)

ការរៀបលូសម្រាប់ចិញ្ចឹម

  • ត្រូវជ្រើសរើសលូដែលមានទំហំសមល្មម និងមានកម្ពស់ប្រមាណ ៧០ ស.ម
  • រៀបចំប្រព័ន្ធបញ្ចេញបញ្ចូល ទឹកឲ្យបានល្អនឹងសមស្រប ដើម្បីងាយស្រួលការពារកុំឲ្យទឹកស្អុយ
  • បាចម្សៅកំបោរចូលបាតលូ ដើម្បីបន្សាបជាតិជូរ កំចាត់មេរោគ និងសារជាតិផ្សេងៗ
  • បញ្ចូលទឹកទៅក្នុងលូ ដោយប្រើសំណាញ់ត្រង ពេលទឹកឡើងដល់កំរិត ៣០ -៤០ ស.ម
  • យកកំប្លោក ចក និងត្រកួនទឹកមួយចំនួន ដាក់ក្នុងអាង

ការជ្រើសរើសពូជ

  • ទិញកូនត្រីពូជពី កសិដ្ឋានបង្កាត់ពូជត្រី ឬអាចទិញមេនិងបា ដែលធំល្អពីផ្សារ មកចិញ្ចឹមយកពូជកូន ដោយខ្លួនឯង
  • ជ្រើសរើសត្រីពូជមានទំហំ ពី ៣ – ៦ ស.ម រាងកាយមាំមួន មិនមានជំងឺ មានពណ៌សម្បុរស្រស់ភ្លឺ មានរំអិលច្រើន
  • កូនត្រី ដែលល្អបំផុត ត្រូវមានអាយុ ៣ សប្ដាហ៍ ដាក់ចូលក្នុងលូចិញ្ចឹម ដែលរៀបចំរួចរាល់នោះ

ការផ្ដល់ចំណី

  • ចំណីរបស់ត្រីឆ្លូញ មានដូចជា កាកសំណល់ត្រី សាច់ផ្សេងៗ ពិសេស ជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឱ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ
  • ក្រៅពីចំណីធម្មជាតិ ត្រីឆ្លូញក៏អាចស៊ីជាកន្ទក់ ម្សៅត្រីស្ងោរឆ្អិន និងចំណីស្រេច
  • ឲ្យត្រីស៊ី ២ ដង/ថ្ងៃ នៅពេលព្រឹកព្រលឹម និងពេលល្ងាចមេឃត្រជាក់
  • ត្រូវបន្ថែមអង់ស៊ីម រំលាយអាហារមួយចំនួន ដើម្បីចៀសវាងត្រីត្រូវហើមពោះ និងឆ្អល់ពោះ

ការថែទាំ

  • តាមដានទឹកក្នុង ស្រះជារៀងរាល់ថ្ងៃ ហើយផ្លាស់ទឹកថ្មី ក្នុងមួយសប្តាហ៍ម្តង ប្រមាណជា៣០%
  • ពេលកែលំអស្រះឡើងវិញ ត្រូវប្តូរទឹកស្រះត្រូវប្រើសំណាញ់រាំងច្រោះទឹកកុំឲ្យត្រីចេញ
  • ត្រូវមានវិធានការដេញពពួកបក្សីស៊ីត្រីនិងរកឃើញទាន់ពេលស្រះត្រូវបំពុលដោយជាតិកខ្វក់ ដើម្បីបង្ការការពារជំងឺដល់ត្រី

ការប្រមូលផល

  • ក្រោយពេលចិញ្ចឹមបាន ៥ ទៅ ៦ ខែ ត្រីឆ្លូញ អាចមានទម្ងន់ជាមធ្យមពី ២០ ទៅ ៣០ ក្រាមក្នុង ១ ក្បាល (៣០ ទៅ ៥០ ក្បាលក្នុង ១គីឡូក្រាម) អាចប្រមូលផលបានហើយ
  • មុនពេលប្រមូលផល ១០ ថ្ងៃ ត្រូវរក្សាបរិស្ថានទឹកក្នុងលូ ចិញ្ចឹមអោយបានថេរបំផុត

ចំណាប់អារម្មណ៍

ត្រីឆ្លូញជាត្រីដែលពេញនិយមទទូលទាន និងមានតម្លៃថ្លៃគួរសម្យនៅលើទីផ្សារ។ ដូច្នេះ បងប្អូនមិនគួរមើលរំលងមុខរបរនេះទេ ទោះបីបងប្អូនមានទីធ្លាតូច ក៍អាចចិញ្ចឹមត្រីឆ្លូញបានដែរ។ បងប្អូន ត្រូវចេះជ្រើសរើសពូជ និងរៀបចំលូចិញ្ចឹមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការចិញ្ចឹមរបស់បងប្អូនទទួលបានទិន្នផលល្អ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts