បច្ចប្បន្ននេះ ត្រីទីឡាព្យ៉ា ជាត្រីទឹកសាបមួយប្រភេទ ដែលមានតម្រូរការទីផ្សារគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីត្រីធម្មជាតិ ដែលបងប្អូនប្រជាពលរដ្ឋនិយមទទួលទាន។
ខាងក្រោមនេះ គឺជាបច្ចេកទេស ចិញ្ចឹមត្រីទីឡាព្យ៉ាក្នុងស្រះ៖
លក្ខណ:ជីវសាស្រ្ត ត្រីទីឡាព្យ៉ា
- ទំរង់រូបរាងក្រៅ ត្រីទីឡាព្យ៉ាមានទំរង់ រាងសំប៉ែតបញ្ឈរ ស្រដៀងត្រីកន្រ្តប់ កន្ធរ ឬត្រីក្រាញ់
- ខ្លួនវាគ្រប់ដណ្ដប់ ដោយស្រការក្រាស់ មានព្រុយខ្នងវែង កន្ទុយមូល ខ្សែឆ្នូតចំហៀងខ្លូនមានម្ខាង ពីរតែមិនពេញលេញទេ
- វាមានភ្នែកធំៗ ហើយនៅលើក្បាលមាន ស្រការតូចៗពណ៌ក្រម៉ៅ និងផ្នែកពោះមាន ស្រការតូចៗពណ៌ប្រាក់ ឬពណ៌ប្រផេះ
- ពណ៌សម្បុររបស់វា ងាយប្រែប្រួលតាមលក្ខ័ណ្ឌខាងក្រៅ ជាពិសេសនៅពេលដែល មានភាពពេញវ័យមកដល់
- ពេលវានៅតូច មានពណ៌សថ្លា ឬពណ៌ប្រាក់នៅពោះ ជួនកាលមានពណ៌ប្រាក់ ឬពណ៌ប្រផេះនៅដងខ្លួន ចំណែក នៅផ្នែកខាងលើវិញ មានពណ៌ស្វាយក្រម៉ៅ ហើយរលោង
- ភាគច្រើន គេសំគាល់ឃើញថា វាមានពណ៌ភ្លឺផ្លេកឬប្រាក់ បណ្ដេញនិងពន្លឺថ្ងៃ
- នៅលើដងខ្លួនមានឆ្នូត៩កង់បញ្ឈរ និង៧កង់ទៀតស្ថិតនៅព្រុយខ្នងខាងចុង
- ក្រៅពីឆ្នូតទាំងនេះ នៅព្រុយកន្ទុយក៏មានឆ្នូតដេក២ និងបញ្ឈរ១០ដែរ
- ព្រុយនៅលើដងខ្លួនត្រីទីឡាព្យ៉ាមានព្រុយ ដែលជាសរីរាង្គធ្វើចលនាក្នុងទឹក ហើយព្រុយទាំងនេះចែកចេញជា២ ផ្នែក គឺ៖
- ព្រុយគូរ : មានព្រុយទ្រូង និងព្រុយចំហៀងខ្លួន
- ព្រុយសេស : មានព្រុយខ្នង ព្រុយកន្ទុយ ព្រុយគូថ
ការជ្រើសរើសពូជ
ត្រីទីឡាព្យ៉ាដែលបងប្អូនខ្មែរយើងនិយមចិញ្ចឹម មាន 2សំខាន់គឺ
- ត្រីទីឡាព្យ៉ាក្រហម
- ត្រីទីឡាព្យ៉ាខ្មៅ
ការជ្រើសរើសទីតាំងចិញ្ចឹម
- ស្រះសម្រាប់ចិញ្ចឹមត្រី ត្រូវមានប្រភពទឹកសាបគ្រប់គ្រាន់ ងាយស្រួលក្នុង ការបញ្ចូលនិង បញ្ចេញទឹក
- ស្រះដែលល្អបំផុត សម្រាប់ចិញ្ចឹមគឺ មានផ្ទៃទឹកជាង ១.០០០ម៉ែត្រការ៉េ មានជម្រៅជាង១,៥ ម៉ែត្រ និងមានភ្លឺខ្ពស់
- ត្រូវមានលូ ដាក់នៅបាតស្រះ ដើម្បីងាយស្រួល ក្នុងការបញ្ចេញទឹក នៅពេលប្រមូលផល ក្នុងការធ្វើប្រព្រឹត្តកម្មថ្នាំ ឬក្នុងការសម្រួលកម្រិតទឹក
ការរៀបចំស្រះ
ការរៀបចំស្រះមានសារ:សំខាន់ ក្នុងការចិញ្ចឹម ដើម្បីអោយត្រីឆាប់ធំធាត់ មានអត្រារស់ខ្ពស់ និងចៀសផុតពីជំងឺ
ការសំអាតស្រះចាស់៖
- ក្រោយពីបូមទឹកពង្រីងអស់រួចហើយ យើងធ្វើការប្រមូលកាកសំណល់ផ្សេងៗ ដែលមាននៅក្នុងស្រះ និងបរិវេន ស្រះមានដូចជា កំណាត់ឈើ ថង់ផ្លាស្ទិច និងសំរាមផ្សេងៗ
- ធ្វើការកំចាត់សត្វចង្រៃ ដូចជា កង្កែប ក្តាម ពស់ និងត្រី ដែលស៊ីសាច់ជាអាហារ
- កាប់ឆ្ការព្រៃនៅតាមមាត់ស្រះ និងស្មៅ
- ជួសជុលរៀបចំមាត់ស្រះ រួចហើយធ្វើការស្ដារភក់ដោយទុកត្រឹមតែ ៥-១០សង់ទីម៉ែត្រ និងពង្រាបបាតស្រះអោយស្មើរ ។
ការប្រើប្រាស់កំបោរ
- បន្ទាប់ពីការសំអាតស្រះរួច យើងត្រូវធ្វើការបាចកំបោរ ដើម្បីកំចាត់សត្វចង្រៃនិងធ្វើឲ្យទឹកថ្លា និងសំបូរសារធាតុចិញ្ចឹមក្នុងស្រះ
- ការបាចកំបោរគឺអាចប្រើពីររបៀបខុសគ្នាគឺបាចជាម្សៅ និងបាចលាយជាមួយទឹក
- ក្នុងការប្រើប្រាស់កំបោរ គឺបរិមាណ៧ គីឡូ/១០០ម៉ែត្រការេដោយស្រះមានទំហំ ៥៥ ម៉ែត្រការេ
ការប្រើប្រាស់ជី
- ក្រោយពីធ្វើការសំអាតស្រះ និងធ្វើការប្រើប្រាស់កំបោរដោយហាលទុករយ:ពេល ៣ថ្ងៃរួចមកយើងត្រូវធ្វើការ បញ្ចូលទឹក
- បន្ទាប់មកយើងធ្វើការដាក់ជីដែលយើងប្រើប្រាស់គឺប្រភេទជីសរីរាង្គ ដែលមានដូចជាជី អ៊ុយរេ ៣kg /១០០ម៉ែត្រការេ
- ការប្រើប្រាស់ ជីគឺត្រូវយកទឹកកូលាយជាមួយគ្នាហើយបាចអោយសព្វពេញផ្ទៃស្រះ
- តែបើប្រើជីអសរីរាង្គវីញត្រូវប្រើជី លាមកគោ ដោយយកទៅដាក់នៅតាមស្រះ នៅក្នុងរយ:ពេលមួយសប្ដាហ៍ម្ដងដើម្បីបង្កើនចំនីធម្មជាតិអោយដល់ពួកត្រី
របៀបប្រលែងកូនត្រី
- ដង់ស៊ីតេព្រលែងត្រីក្នុងស្រះគឺ អាស្រ័យទៅលើគុណភាពស្រះ ប្រភពទឹកផ្គត់ផ្គង់និងសមត្ថភាពផ្គត់ផ្គង់ចំណី
- ត្រូវព្រលែងត្រីពី ៣ – ៥ ក្បាលក្នុង ១ មែ៉ត្រក្រឡា
- វេលាព្រលែងត្រីប្រសើរបំផុតគឺនៅពេលមេឃត្រជាក់ស្រួល។
- ដាក់ថង់ផ្ទុកត្រីទៅក្នុងទឹកស្រះ ក្នុងអំឡុងពី ២០ – ៣០ នាទី ដើម្បីឲ្យឱ្យត្រីស៊ាំបន្តិចម្ដងៗ នឹងសីតុណ្ហភាពនៃមជ្ឈដ្ឋានទឹកស្រះ គួបផ្សំជាមួយការសម្លាប់មេរោគឱ្យត្រីពូជដោយថ្នាំអង់ទីប៊ីយ៉ូទិក (AureomycinឬOxytetracylin) បន្ទាប់មក ព្រលែងត្រីទាំងអស់ចូលទៅក្នុងស្រះ។
ចំណី និងការផ្តល់ចំណី
ការផ្ដល់ចំណីផ្សំ៖
- ចំណីសម្រាប់ ត្រីទីឡាព្យាក្រហម ភាគច្រើនមានប្រភពពីរុក្ខជាតិដូចជា កន្ទក់ ពោតកិនម៉ដ្ឋ កាកសណ្ដែក ចក ត្រកួន និងចំណីជាគ្រាប់ប្រភេទអណ្ដែតលើទឹកមានបរិមាណប្រូតេអ៊ីនពី ២៨ – ៣២%
- ចំណីទាំងឡាយត្រូវបានចម្អិនឱ្យឆ្អិន ច្របល់អោយរាងជ្រាយៗ រួចបង្កើត ជារាងគ្រាប់ៗ។
ការផ្តល់ចំណីសម្រេច៖
- ការផ្ដល់ចំណីក្នុងខែទីមួយថ្ងៃ៣ដងគឺពេលព្រឹកម៉ោង៨ ពេលថ្ងៃម៉ោង១២ និងពេល ល្ងាចម៉ោង៥ ជាពេលសមស្របសម្រាប់ត្រីស៊ីចំណី
- ចំណីដែលយើងប្រើប្រាស់ជាចំនីគ្រាប់ មានកម្រិតប្រូតេអ៊ីន៣៨%
ការគ្រប់គ្រងនិងថែទាំស្រះចិញ្ចិមត្រី
ក្រោយពីការលែងកូនត្រី ដាក់ចិញ្ចិមរួចមកយើងត្រូវ អនុវត្តន៍ដូចខាងក្រោម ៖
- មើលសកម្មភាពចាប់ចំណីរបស់ត្រី ជារៀងរាល់ថ្ងៃ
- ពិនិត្យគុណភាពទឹកស្រះ
- ការផ្ដល់ចំណីឲ្យត្រីចិញ្ចឹម
- ធានាជម្រៅ ទឹកនៅក្នុងស្រះយ៉ាងហោចណាស់គឺ ១ ម៉ែត្រ ទឹកមានពណ៌ត្រួយចេក រាង លឿងខ្ចីបន្តិច សមស្របចំពោះត្រីចិញ្ចឹម។
- នៅបណ្ដាខែដែលមានសីតុណ្ហភាពខ្ពស់ ស្អុះស្អាប់អូសបន្លាយ ត្រូវបន្ថែមទឹកតាមកាលកំណត់ពី ៥ – ៧ ថ្ងៃ ម្តង បន្ថែមទឹកម្ដងពី ១៥% – ២០% នៃបរិមាណទឹកក្នុងស្រះ ឬបញ្ចេញចោល ១/៣ នៃបរិមាណទឹកក្នុងស្រះរួចបូមទឹកថ្មីចូលវិញ។
- តាមដានសភាពប្រែប្រួល របស់ហ្វូងត្រីដូចជា៖ ស៊ីនុយ (ខ្លាំងឬខ្សោយ) ហែល (តាមហ្វូងឬហែលដាច់ពីហ្វូង) ពណ៌សម្បុររបស់ត្រី (នៅធម្មតាដូចលក្ខណៈដើមឬប្រែពណ៌)
ការប្រមូលផល
- ការប្រមូលផលពីស្រះចិញ្ចឹមយកទៅដាក់ក្នុងបែរបន្តធ្វើឡើងនៅដើមខែឧសភាហើយការប្រមូលផលធ្វើឡើងដោយការបូមពង្រីងចាប់ត្រីតែម្ដង
- មុនដំបូងយើងធ្វើការបូមទឹកចេញ មួយចំនួន សិនហើយធ្វើការអូសសំណាញ់ចាប់ត្រី២-៣ដងបន្ទាប់មកធ្វើការបូមពង្រីងចាប់យកតែម្ដង
- រយៈពេលចិញ្ចឹមត្រីគឺពី ៤ -៥ ខែ គឺអាចប្រមូលផលបាន
- ឈានដល់ដំណាក់កាលនេះ ត្រីមានទម្ងន់ពី ០,៥ – ០,៦ គីឡូក្រាមក្នុងមួយក្បាល
- ប្រសិនបើមានលក្ខខណ្ឌចិញ្ចឹមបន្តដល់ខែទី ៩ ឬខែទី ១០គឺត្រីអាមានទម្ងន់១គីឡូក្រាមក្នុងមួយក្បាល៕
ចំណាប់អារម្មណ៍
សម្រាប់បងប្អូន ដែលនៅជិតប្រភពទឺក មានទឹកគ្រប់គ្រាន់ គួរចាប់យកមុខរបរចីញ្ចឹមត្រីទីឡាព្យ៉ានេះ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារបន្ថែម។ មុនធ្វើការចីញ្ចឹមបងប្អូនត្រូវរៀបចំស្រះចិញ្ចឹមឲ្យបានត្រឹមត្រូវ សម្លាប់មេរោគក្នុងស្រះ និងជ្រើសរើសកូនត្រីចិញ្ចឹមដែលល្អយកមកចិញ្ចឹម។ សម្រាប់ពូជត្រីបងប្អូន ត្រូវចេះជ្រើសរើសពូជត្រីដែលមានតម្រូវការទីផ្សារខ្ពស់យកមកចិញ្ចឹម ទៅតាមការនិយមទទួលទានពីអ្នកបរិភោគ។