ដោយសារកំនើនប្រជាជន មានការកើនឡើងជាប្រចាំ ធ្វើឲ្យតំរូវការហូបចុក មានការកើនឡើងគួរឲ្យ កត់សំគាល់ លើសពីនេះការទទួលទានសាច់សត្វ មានការកើនឡើងទៅ តាមនោះដែរ។ ជាឧទាហរណ៍ នៅទ្វីបអាស៊ី ការទទួលទានសាច់សត្វ មានការកើនឡើង ជាក់ស្តែងក្តាមថ្ម ជាប្រភេទសត្វដែលទទួលបានការពេញនិយម ទទួលទានពីប្រជាជនទូទៅ។ ដូច្នេះហើយធ្វើឲ្យ អ្នកចិញ្ចឹមសត្វមានការចាប់ អារម្មណ៍ពីមុខរបរចិញ្ចឹម ក្តាមថ្ម ដើម្បីបំពេញនូវតំរូវការ ហូបចុកប្រចាំថ្ងៃ។
ក្តាមថ្ម ជាប្រភេទសត្វ ទឹកប្រៃ វារស់នៅក្នុងដីល្បាប់ភក់(Mud Crab) ជាពិសេសតំបន់ ព្រៃកោងកាង។ ក្តាមថ្ម ជាសត្វមួយប្រភេទដែលមានគុណតម្លៃខ្ពស់ និងមានកំរិតសាច់ស្មើនឹង25% ។
វាសំបូរសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដូចជាក្នុង១០០g នៃសាច់ក្តាមថ្មមាន៖
- Cholesterol 58 mg
- Total fat 9 g
- EPA omega-3 137 mg
- DHA omega-3 90 mg
- AA omega-6 86 mg
និងមានសារធាតុចិញ្ចឹមជាច្រើនមុខទៀត។
ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការចិញ្ចឹមក្តាមថ្ម៖
ពូជក្តាមថ្ម
ក្តាមថ្មមាន៤ប្រភេទ៖
- Scylla serrata
- Scylla paramamosain
- Scylla olivacea
- Scylla tranquebarica
វិធីសាស្រ្តចិញ្ចឹម ក្តាមថ្ម មាន2របៀប
ការចិញ្ចឹមពីកូនក្តាមរហូតដល់លក់
- វិធីនេះគឺចិញ្ចឹមកូនក្តាមថ្មតាំងពីតូចរហូតដល់អាយុ5-6ខែ រហូតដល់វាមានទំហំទៅតាមតម្រូវការទៅផ្សារ
- ជាទូទៅគេចិញ្ចឹមនៅក្នុងស្រះ ដែលគ្មានដើមកោងកាង
- ទំហំស្រះអាចចន្លោះពី 0,5 -2 ហិចតា មានភ្លឺស្រះសមស្របអាចបញ្ចេញបញ្ចូលទឹកបាន
- ប្រសិនបើស្រះតូចត្រូវព័ទ្ធស្បៃឬសំណាញ់ឲ្យបានសមរម្យ
- ប្រសិនបើស្រះធំគួររៀបចំភ្លឺស្រះឲ្យបានសមស្រមតាមទីតាំងផ្ទាល់និងមានផ្លូវរឹងមាំអាចចេញចូលស្រះបាន
- កូនក្តាមធម្មជាតិមានទម្ងន់ចន្លោះពី10-100ក្រាមអាចយកមកចិញ្ចឹមបាន
- រយៈពេលចិញ្ចឹមអាចប្រែប្រួលផ្សេងគ្នាចន្លោះពី3-6ខែ
- អត្រានៃចំនួនកូនក្តាមថ្មចន្លោះពិ1-3 ក្បាល/ម៉ែត្រការ៉េ ជាមួយការផ្តល់ចំណីបន្ថែម
- ចំណីសម្រាប់ក្តាមថ្មគឺត្រីនុយ ត្រីល្អិតៗ ការផ្តល់ចំណីក្នុងអត្រា5-8%នៃទម្ងន់ក្តាមថ្មរស់
- ជាធម្មតាត្រូវកត់ត្រាអត្រាលូតលាស់ តាមដានសុខភាព និងផ្លាស់ប្តូរអត្រាឲ្យចំណីឲ្យបានទៀងទាត់
- ការប្រមូលផលក្តាមអស្រ័យទៅនឹងទំហំដែលទីផ្សារត្រូវការ គេអាចចាប់ផ្តើមប្រមូលផលពីអាយុ៣ខែឡើងទៅ
ការចិញ្ចឹមបែបបំប៉ន
តាមថ្មដែលសកហើយ គេយកវាមកថែបំប៉នរយៈពេល 2-3សប្តាហ៍ រហូតដល់វារឹងស្នូកអាចត្បុលភក់បានហើយវាបានថ្លៃជាងក្តាមមិនទាន់សកពី3-4ដង។
ការបំប៉នក្នុងស្រះ
- ការបំប៉នក្នុងស្រះ អាចជីកស្រះទំហំពី0,025-0,2ហិចតា ជំរៅទឹកពី1-1,5ម៉ែត្រ
- មុនពេលដាក់បំប៉នក្តាមសកក្នុងស្រះ នៅបាតស្រះត្រូវប៉ូមទឹកចេញ ហាលថ្ងៃអោយស្ងួត និងហាចកំបោរទ្រាប់បាត
- ពិនិត្យមើលស្រះក្តាមកុំឲ្យមានរន្ធប្រហោង ឬស្នាមប្រះ តាមភ្លឺទំនប់ស្រះ និងមើលកន្លែងបញ្ចេញបញ្ចូលទឹក ការពារកុំឲ្យមានក្តាមចេញរួចទៅឆ្លងទៅស្រះផ្សេង
- ស្រះបំប៉នត្រូវមានរបងព័ទ្ធដោយសំណាញ់ជុំវិញការពារកុំឲ្យក្តាមវាចេញបាន
- ប្រមូលក្តាមថ្មសកពីអ្នកនេសាទ ឬឈ្មួញ យកមកបំប៉នក្នុងស្រះក្នុងដង់ស៊ីតេ ពី0,5 -2ក្បាល/ម៉ែត្រការ៉េ អាស្រ័យទៅតាមទំហំក្តាម
- សម្រាប់ក្តាមទំហំចាប់ពី550 ក្រាមឡើងទៅគឺកាន់តែមានតំរូវខ្ពស់ ហេតុនេះវាចំនុចពិសេសដែលគួរតែបំប៉នក្តាមឲ្យបានយូរទៅតាមទំហំក្រុម។ក្នុងករណីនេះ យើងគួរតែបំប៉នក្តាមក្នុងដង់ស៊ីតេ មិនលើសពី១ក្បាល/ម៉ែត្រការ៉េ
- ប្រសិនបើស្រះបំប៉នក្តាមធំ វាមានភាពប្រសើរបែងចែកជាប្លុកផ្សេងៗទៅតាមទំហំសមស្របរបស់ក្តាមដែលមានខ្នាតដូចៗគ្នា។វាល្អក្នុងឲ្យចំណី ត្រួតពិនិត្យ និងប្រមូល។
- នៅចន្លោះប្លុកនិមួយៗមានភាពទូលាយ ក្តាមថ្មដែលមានទំហំប្រហាក់ប្រហែលគ្នាស្តុកក្នុងប្លុកតែមួយបាន
- ការបែងចែកក្តាមតាមភេទក្នុងប្លុក វាមានប្រយោជន៍ក្នុងការកាត់បន្ថយការវាយប្រហារពីសំណាក់ក្តាមឈ្មោល។វាធ្វើជំរកពីដើមឬស្សី អាចកាត់បន្ថយការវាយប្រហារគ្នាទៅវិញទៅមក និងការស៊ីគ្នាជាចំណីបានទាបបំផុត។
ការបំប៉នក្នុងទ្រុង
- ក្តាមក៏អាចបំប៉នដោយការដាក់ក្នុងទ្រុង ឬប្រើទ្រុងសំណាញ់បន្លិចទឹក ឬក៏ទ្រុងធ្វើពីឬស្សីក៏បាន ដោយបណ្តែតលើទឹក
- ទំហំទ្រុងអាចមានទំហំអាស្រ័យទៅនឹងចំនួនក្តាមដែលដាក់បំប៉នក្នុង១ទ្រុងៗ
- ទ្រុងបំប៉នត្រូវមានភាពងាយស្រួលក្នុងការចំណី ងាយក្នុងត្រួតពិនិត្យមើល ងាយលើកចេញលើកចូល
- បើយើងច្នៃទ្រុងខ្លួនឯងត្រូវធ្វើយ៉ាងណាឲ្យងាយស្រួលប្រើនិងតម្លៃទាប
- ការបំប៉នក្នុងទ្រុងភាគច្រើនគេប្រើប្រាស់សំរាប់មេបាពូជ
ចំពោះវិធីសាស្រ្តទាំងពីរខាងលើ ចិញ្ចឹមដោយថែបំប៉នគឺទទួលបានអត្ថប្រយោជន៍ច្រើន វាចំណាយពេលខ្លីឆាប់ប្រមូល និងចំណេញច្រើនជាងការចិញ្ចឹមពីកូនតូចរហូតដល់លក់ ដែលវាអាចសន្សំសំចៃចំណីបានច្រើន។
ការផ្តល់ចំណី
- ចំណីសម្រាប់ក្តាមថ្មមានដូចជា ត្រីនុយ ត្រីល្អិតៗ ខ្យងទឹកប្រៃ
- កាកសំណល់ពីមាន់ស្ងោរចំអិនចំណីមុនដាក់ឲ្យស៊ី
- ឲ្យវាស៊ីពី5-8% នៃទម្ងន់ខ្លួនរបស់វា
- អាចឲ្យវាស៊ីចំណី២ដងក្នុង១ថ្ងៃ
ការគ្រប់គ្រងគុណភាពទឹក
យើងត្រូវត្រួតពិនិត្យគុណភាពទឹកដូចខាងក្រោមៈ
- ជាតិប្រៃ 15-25%
- សីតុណ្ហភាព 26-30ºC
- កម្រិតអុកស៊ីសែន ˃ 3 ppm
- pH ទឹក 7,8- 8,5
ការប្រមូលផល ក្តាមថ្ម
- រយៈពេលចិញ្ចឹម 3-6 ខែ
- ប្រមូលផលក្តាមថ្ម គួរធ្វើឡើងនៅពេលព្រឹក ឬពេលល្ងាច
- ប្រើប្រាស់លបក្តាម ដើម្បីប្រមូលផលក្តាមពីស្រះមក
- ការប្រមូលផល ក្តាមថ្ម ត្រូវបានគេបង្កាត់ពូជនិងថែបំប៉នក្នុងគោលបំណងសម្រាប់នាំចេញ
- ក្តាមថ្មដែលបង្កៀប ឬបាក់ជើងអ្នកទិញគេរើសចេញមិនយកទេ គេរើសយកតែក្តាមល្អ ត្រូវដាក់ក្តាមឲ្យមានសំណើមជាប់ ចៀសវាងពីកំដៅថ្ងៃ ដាក់ក្នុងម្លប់ដែលអាចធ្វើឲ្យក្តាមនៅរស់រហូត
ចំណាប់អារម្មណ៍
ក្តាមថ្ម គឺជាប្រភេទសត្វទឹកប្រៃ រស់នៅក្នុងដីល្បាប់តាមព្រៃកោងកាង តាមដៃសមុទ្រ។ ក្តាមថ្ម គឺជាប្រភេទសត្វងាយចិញ្ចឹម ចំណាយទុនតិច ទទួលផលរហ័ស ត្រូវបានណែនាំអោយចិញ្ចឹមពីអ្នកជំនាញវារីវប្បកម្មលើពិភពលោក។ ដូច្នេះបងប្អូន ដែលរស់នៅតំបន់ទឹកភ្លាវ ទឹកប្រៃ អាចប្រកបរបរនេះបាន ដែលវាមានតម្រូវការទីផ្សារខ្ពស់។