ដើម្បីចាប់ផ្តើមអាជីវកម្ម ចិញ្ចឹមគោ ជាលក្ខណៈពាណិជ្ជកម្ម អ្នកត្រូវសិក្សាស្វែងយល់ឲ្យបានលម្អិតពីចំណុចសំខាន់ៗ ដែលធ្វើឲ្យអាជីវកម្មនេះ ដំណើរការទៅបាន និងទទួលប្រាក់ចំណេញត្រលប់មកវិញ។
ខាងក្រោមនេះ យើងចង់បង្ហាញបងប្អូនពីចំណុចសំខាន់ៗ ដែលត្រូវធ្វើដើម្បីចាប់ផ្តើមអាជីវកម្មមួយនេះ៖
ធ្វើផែនការអាជីវកម្ម
ការធ្វើអាជីវកម្មសម្រាប់កសិដ្ឋាន ចិញ្ចឹមគោ ក៍ដូចជាអាជីវកម្មផ្សេងដែរ អ្នកត្រូវរាប់បញ្ចូលការចំណាយថ្លៃដើម និងថ្លៃចំណាយផ្សេងៗដែលត្រូវចាយវាយក្នុងដំណើរការកសិដ្ឋានទាំងអស់។
គំរោងអាជីវកម្មដែលល្អ ត្រូវរួមបញ្ចូល
- ការចំណាយលើថ្លៃសម្ភារៈ
- ចំណាយលើការបញ្ជាទិញសត្វ
- ចំណាយការរៀបចំ
- ចំណាយលើប្រាក់ខែបុគ្គលិក
- ចំណាយលើថ្លៃចំណី
- ចំណាយលើការថែទាំសត្វ
- ចំណាយលើការដាំស្មៅចំណីជាដើម
គំរោងល្អត្រូវត្រៀមសម្រាប់ចំណាយបន្ទាន់ និងទុនបំរុងសម្រាប់ករណីចាំបាច់ដែលកើតមានឡើងដោយមិនបានព្រាងទុកជាមុន។ អ្នកអាចពិចារណាក្នុងការទិញធានារ៉ាប់រងសម្រាប់អាជីវកម្មឬកសិដ្ឋាន។ សម្រាប់ប្រភពទុន អ្នកអាចមានលុយខ្លួនឯងចាប់ផ្តើម ឬកំចីពីធនាគារជាដើម។
ផែនការអាជីវកម្មល្អ មានប្រយោជន៍ណាស់សម្រាប់ទាក់ទងអ្នកវិនិយោគ ឬទាក់ដៃគូអាជីវកម្មរបស់អ្នក ដើម្បីទទួលបានប្រាក់កំចី។
ជ្រើសរើសទីតាំងកសិដ្ឋាន
ការកំណត់ទីតាំងកសិកដ្ឋានមានសារៈសំខាន់ណាស់។ ក្នុងការជ្រើសរើសទីតាំងកសិដ្ឋាន ត្រូវសិក្សាពីបញ្ហាអាកាសធាតុតំន់ បរិស្ថានជុំវិញ តើវាជះឥទ្ធិពលដល់ការចិញ្ចឹមគោរបស់អ្នកដែរឬទេ?ទីតាំងចិញ្ចឹមល្អ វាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងងាយស្រួលចំពោះតម្រូវការចាំបាច់ផ្សេងៗទៀត មានប្រភពទឹកគ្រប់គ្រាន់ ដីមានជីជាតិល្អសម្រាប់ដាំស្មៅចំណី មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ។ អ្នកអាចប្រើប្រាស់ដីដែលអ្នកមានស្រាប់ ឬអាចទិញឬ ជួលពីគេ ប៉ុន្តែកត្តានេះ វានឹងធ្វើឲ្យអ្នកចំណាយកាន់តែច្រើន។
បញ្ជាទិញឧបករណ៍និងគ្រឿងចក្រ
ការទិញឧបករណ៍ និងគ្រឿងចក្រ វាះអាស្រ័យទៅតាមទំហំកសិដ្ឋានរបស់អ្នក។ អ្នកត្រូវបញ្ជាទិញឧបករណ៍និងសម្ភារៈមួយចំនួន ដូច្នេះអ្នកត្រូវកំណត់ទំហំកសិដ្ឋាន កំណត់ប្រភេទកសិដ្ឋានរប់សអ្នក ចិញ្ចឹមគោសាច់ ឬគោពូជ ឬគោទឹកដោះ និងកំណត់ដើមទុនរបស់អ្នក ដើម្បីដឹងថាត្រូវការសម្ភារៈអ្វីខ្លះ ចំនួនប៉ុន្មានដូចជា ត្រូវការសំណាញ់ហ៊ុំព័ទ្ធ ស្នូកទឹក ស្នូកចំណី ចំបើងឬស្មៅស្ងួត វាជាតម្រូវការសំខាន់ដែលសត្វត្រូវការ។
សាងសង់ទ្រុង
ទ្រុងជាកន្លែងសុវត្ថិភាពសម្រាប់សត្វ ត្រូវបង្កើតបង្កើតកន្លែងច្រើន ប្រើសិនបើចិញ្ចឹមគោទឹកដោះ ប្រសិនបើអ្នកចិញ្ចឹមគោសាច់ អ្នកត្រូវសាសង់ទ្រុងតិច ហើយវាត្រូវការទីធ្លាតូច។
កំណត់គោលបំណងនៃកសិដ្ឋាន
អ្នកត្រូវកំណត់គោលបំណងក្នុងការបង្កើតកសិដ្ឋាន ការកំណត់ជ្រើសរើសប្រភេទកសិដ្ឋានអាស្រ័យទៅតាមគោលបំណង និងទំហំដើមទុនរបស់អ្នក ភាគច្រើនគេនិយមចិញ្ចឹមគោសាច់។ ប្រសិនបើអ្នកចិញ្ចឹមគោទឹកដោះ ត្រូវចំណាយច្រើន និងតម្រូវការឧបករណ៍និងសម្ភារៈច្រើន។
ជ្រើសរើសពូជ
អ្នកត្រូវជ្រើសរើសពូជគោយកមកចិញ្ចឹមឲ្យបានច្បាស់លាស់ ព្រោះវាមានពូជគោ ជាងមួយរយពូជក្នុងជុំវិញពិភពលោក។ ប៉ុន្តែក្នុងការជ្រើសរើសពូជ ត្រូវជ្រើសរើសពូជណាដែលមានលក្ខណៈសមស្រប ទៅតាមតំបន់ដែលអ្នកត្រូវចិញ្ចឹម ដើម្បីសមស្របទៅតាមលក្ខខណ្ឌអាកាសធាតុតំបន់នោះ។
ពូជគោទឹកដោះដែលគេពេញនិយមចិញ្ចឹមមាន៖ Ayrshire, Brown Swiss, Holstein, Jersey
ពូជគោសាច់ដែលគេពេញនិយមចិញ្ចឹមមាន៖ Galloway, Hereford, Red Poll and Shorthorn, Angus cattle, Brahman ជាដើម។
អ្នកអាចជ្រើសរើសពូជទាំង២ ដើម្បីបង្កាត់គ្នា ក្នុងគោលបំណង ចិញ្ចឹមទាំង២ គឺ ទាំងសាច់ និងទឹកដោះ។
ការបញ្ជាទិញគោចូល
បន្ទាប់ពីកំណត់ពូជសម្រាប់ការចិញ្ចឹមហើយ អ្នកអាចទិញពូជគោពីឈ្មួញ ឬទីផ្សារ ឬពីអ្នកចិញ្ចឹម ឬមិត្តភ័ក្តជាដើម ឬអ្នកអាចបញ្ជាទិញពីក្រៅស្រុកមក។ ពេលទិញគោចូល ត្រូវពិនិត្យមើលលក្ខណៈសម្បត្តិរបស់សត្វ ទិញគោដែលសមស្រប កុំទិញគោដែលស្គមពេក ឬគោមានជម្ងឺ ឬគោដែលមានអាវៈយវៈមិនគ្រប់គ្រាន់។
ការផ្តល់ចំណី
ចំណីមានសារៈសំខាន់ណាស់សម្រាប់ផលិតកម្មសត្វ។ អ្នកត្រូវធានាថា ចំណីដែលផ្តល់ឲ្យគោមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីឲ្យសត្វលូតលាស់ធំធាត់បានល្អ។ អ្នកត្រូវកំណត់ទំហំវាលស្មៅ ឬផ្ទៃដីដាំស្មៅ ទៅតាមតម្រូវការចំនួនសត្វដែលអ្នកចិញ្ចឹម។ អ្នកត្រូវផលិតស្មៅស្ងួត ឬចំបើងដោយខ្លួនឯង ព្រោះបើអ្នកទិញពីគេ អ្នកនឹងចំណាយច្រើន តម្លៃចំណីជាដើមទុនធំក្នុងផលិតកម្ម។
ការថែទាំ
ត្រូវថែទាំសុខភាពសត្វឲ្យបានល្អ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ និងចាក់ថ្នាំទំលាក់សត្វល្អិត ឲ្យបានទៀងទាត់។
ការកត់ត្រា
កំណត់ត្រាអាជីវកម្មមានសារៈសំខាន់ណាស់សម្រាប់ផលិតកម្ម។ អ្នកត្រូវកត់ត្រា ឬធ្វើរបាយការណ៍ ហរិញ្ញវត្ថុឲ្យបានទៀតទាត់ ការបង្កាត់ពូជ ការកើតកូន វ៉ាក់សាំង ការលក់ចេញ-ទិញចូលជាដើម។
របាយការណ៍ហរិញ្ញវត្ថុមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មរបស់អ្នក ព្រោះវាកត់ត្រានូវការចំណេញ-ខាតរបស់ផលិតកម្មអ្នក
ចំណាប់អារម្មណ៍
អត្ថបទនេះ យើងចង់បង្ហាញបងប្អូនដែលចង់ចិញ្ចឹមគោ លក្ខណៈពាណិជ្ជកម្ម ឲ្យសិក្សាពីចំនុចសំខាន់ៗខាងលើ ដើម្បីឲ្យ ដំណណើរការ ក្នុងមុខជំនួញមួយនេះទទួលបានជោគជ័យ។